រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ -ដើម្បីពង្រឹងការអនុវត្តនៃការប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាពនោះ កាលពីថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង សាខាពន្ធដារ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទិ្ធកាន់កាប់អចលនទ្រព្យ ដល់មន្រ្តី និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងស្រុក ក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់​ ក្រុមប្រឹក្សាឃុំទូទាំងខេត្តផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលានេះថា  ថ្នាក់ដឹកនាំដែលមានតួនាទីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ជាពិសេសអភិបាល អភិបាលរងស្រុក ក្រុង មេឃុំ ចៅសង្កាត់ ទូទាំងខេត្តមិនត្រូវមានការជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លីជារបស់រដ្ឋនោះឡើយ។ ព្រោះការយកដីរដ្ឋទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬយកទៅលក់វាជាទង្វើមួយដែលខុសនឹងច្បាប់។ យើងជាមន្ត្រីរាជការ ដែលជាអ្នកបម្រើសេវាសាធារណៈនៅថ្នាក់ក្រុង ស្រុក  ឃុំ សង្កាត់ ត្រូវតែដក​ខ្លួន ឬចៀសឱ្យឆ្ងាយពីបញ្ហាពាក់ព័ន្ធទៅនឹងដីធ្លីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ​ ដូចជាដីសាធារណៈរបស់រដ្ឋ ស្ទឹង បឹង​​ ព្រែក ប្រឡាយជាដើម។ បើមិនដូច្នោះទេវានាំបញ្ហាដល់ខ្លួនឯងនៅថ្ងៃណាមួយជាក់ជាមិនខាន។ ​ព្រោះទ្រព្យសម្បត្តិទាំងអស់នេះជារបស់រដ្ឋ ដែលមានការហាមឃាត់ដោយច្បាប់ត្រឹមត្រូវ ដោយមិនមានការរំលោភបំពានយកធ្វើជាកម្មសិទ្ធិដល់ជនណាម្នាក់នោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានក្រើនរម្លឹកដល់អាជ្ញាធរនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ត្រូវចូលរួមសហការក្នុងការការពារ ទប់ស្កាត់ចំពោះរាល់ទង្វើដែលខុសច្បាប់ ហើយរំលោភបំពានទ្រព្យសម្បត្តិរដ្ឋ ឱ្យបានជាដាច់ខាត ហើយកុំឱ្យបញ្ហានេះកើតមាននៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។

លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កន្លងទៅរាជរដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នៅឧបសម្ព័ន្ធ ស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តន៍អស់រយៈពេលជិត ១០ឆ្នាំកន្លងមកហើយ ដើម្បីស្របតាមការរីកចម្រើន នៅកម្ពុជាក៏ដូចជានៅក្នុងពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាស ស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ។ លោកបានបន្តថា ការកំណត់តម្លៃ គឺមិនឱ្យលើសពី ៧០ភាគរយ នៃតម្លៃជាក់ស្តែងនៅលើទីផ្សារនៅឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាព តម្លៃប្រកាសនេះក៏មានការកែសម្រួលទាក់ទងទៅនឹងភូមិសាស្ត្រនានា ដោយបន្ថែម ឬកែសម្រួល កំណត់ផ្លូវមេបន្ថែមនៅតំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មីជាដើម។

លោកប្រធានសាខាពន្ធដារខេត្តបានបញ្ជាក់ទៀតថា នីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវវិធានការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការប្រមូលពន្ធឱ្យកាន់តែមានតម្លាភាព។ លោកបានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធទាំងអស់ថា អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចការសំខាន់ៗដទៃទៀតរបស់សាខាពន្ធដារខេត្ត ក្នុងការប្រមូលពន្ធជូនរដ្ឋប្រកបដោយជោគជ័យតាមផែនការសកម្មភាព ដែលក្រសួងបានកំណត់ និងផ្សព្វផ្សាយបន្តទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឱ្យបានយល់ដឹង និងរួសរាន់មកធ្វើការបង់ព​ន្ធចំពោះអចលនទ្រព្យឱ្យបានគ្រប់ៗគ្នា ៕

ដោយ បៃ ស៊ីថុន