សម្តេចតេជោ ចែករំលែកបទសោធន៍ដ៏សំខាន់ដល់អង្គសន្និបាត UN-ESCAP អំពីជោគជ័យដ៏ធំធេងបំផុតរបស់កម្ពុជា ក្នុងការបញ្ចប់សង្រ្គាមស៊ីវិល  

 វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផន វាសនា      

បាងកង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទសោធន៍ដ៏សំខាន់ដល់អង្គសន្និបាតគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក ហៅកាត់ថា (UN-ESCAP UN-ESCAP អំពីជោគជ័យដ៏ធំធេងបំផុតរបស់កម្ពុជា ក្នុងការបញ្ចប់សង្រ្គាមស៊ីវិល តាមរយៈគោលនយោបាយឈ្នះឈ្នះ សម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និង គ្រប់និន្នាការនយោបាយ។ក្នុងឱកាសអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក ហៅកាត់ថា (UN-ESCAP) ក្រោមបូលបទ «ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» នៅថ្ងៃទី២៧ឧសភានេះ នៅទីក្រុងបាងកក ប្រទេសថៃសម្តេចតេជោ បានបញ្ជាក់ថា គោលបាយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញគឺការធានាថា បុគ្គលគ្រប់រូបអាចបន្តរស់រានមានជីវិត ការធានាថា បុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត និងការធានាការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា។ ជាលទ្ធផលនៃ គោលនយោបាយឈ្នះ-ឈ្នះនេះ សង្គ្រាម និងជម្លោះប្រដាប់អាវុធ ត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្ពុជាអាចដោះស្រាយបាននូវបញ្ហាគ្រប់យ៉ាង តាមរយៈការកសាងទំនុកចិត្តរវាងខ្មែរ និង ខ្មែរ ដែលជាប្រការ នាំមកនូវសន្តិភាពដ៏រឹងមាំ ហើយចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ។    Clip: HS 27 05 19clip1                  សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណជា១២ និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ ប្រកបដោយភាពជោគជ័យ។ក្នុងសន្និបាតនោះ សម្តេចតេជោ បានថ្លែងសុន្ទរកថាគន្លឹះដោយផ្តោតជាសំខាន់លើការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនេះគឺជាការចែករំលែនូវបទពិសោធន៍មួយ ក៏ដូចជាការបង្ហាញនូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែលសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យកន្លងមក៕