មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅថៃ ដោយ ប្រថុយគ្រោះ ថ្នាក់ដោយសារជីវភាពខ្វះខាត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា ពលករខ្មែរដែលលួច ឆ្លងដែនទៅប្រទេសថៃ ដោយប្រថុយនឹងគ្រោះថ្នាក់ដោយសារពួកគាត់ មានជីវភាពខ្វះខាត ដែលរហូតមកដល់​បច្ចុប្បន្ន មាន៧០ភាគរយ ក្នុងចំណោមពលករសរុបជាង១លាននាក់ នៅក្នុងប្រទេសថៃ។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធកម្ពុជា-ថៃ ដើម្បីពង្រឹងកិច្ចសហការ ក្នុងការ ដោះស្រាយបញ្ហា ទេសន្តរប្រវេសន៍ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តី​ការក្រសួងមហាផ្ទៃ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបានគូសបញ្ជាក់ថា ស្ថានភាពសិទ្ធិ សេរីភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងអំពើជួញដូរមនុស្សនៅកម្ពុជា ជាពិសេសការចំណាកស្រុកឆ្លងដែនរបស់ប្រជាពលរដ្ឋកម្ពុជាចូល ទៅប្រទេសថៃ នាពេល កន្លងមក បានបន្តដល់បច្ចុប្បន្ន។ លោកជំទាវបានបន្ដថា “ស្ថានភាពពលរដ្ឋកម្ពុជាឆ្លងដែន ចូលក្នុងប្រទេសថៃ មានទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយចំពោះការឆ្លងដែនដោយ មិនស្របច្បាប់គឺដោយសារពួកគាត់មានជីវភាពខ្វះខាត ដែលធ្វើការចំណាក់ស្រុកឆ្លងដែន ផ្សងព្រេងទាំងប្រថុយគ្រោះថ្នាក់ ដើម្បីចូលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ”។

លោកជំទាវបានបន្ថែមថា ចំនួនពលរដ្ឋកម្ពុជាចំណាកស្រុកចូលទៅក្នុងប្រទេសថៃ គិត ត្រឹមឆ្នាំ២០១៤កន្លងទៅ មានចំនួន១៨៣.០០០នាក់។ ដោយឡែកពីឆ្នាំ២០១៧ មកដល់ បច្ចុប្បន្នកើនចំនួនជាង១លាននាក់ ក្នុងនោះស្របច្បាប់មាន៦០ភាគរយ និង មិនទាន់ស្រប ច្បាប់៧០ភាគរយ។

ជាមួយគ្នានេះដែរ តំណាងភាគីថៃបានថ្លែងការកោតសរសើរខ្ពស់ចំពោះកិច្ចសហការ​របស់ភាគីកម្ពុជាកន្លងមក ហើយបានបន្តយកចិត្តទុកដាក់មកដល់បច្ចុប្បន្ន។ ទន្ទឹមនេះ ភាគីថៃ​ក៏បានស្នើឱ្យភាគីកម្ពុជា ចូលរូមសហការលើការងារចំណាកស្រុកឆ្លងដែន និងអំពើជួញដូរ មនុស្ស ការងារបណ្តុះបណ្តាលវិស័យអប់រំ និងវិស័យការងារបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីធ្វើ យ៉ាងណាឱ្យមានភាពងាយស្រួល សម្រាប់យកទៅអនុវត្តន៍បន្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនៅក្នុងតំបន់ផ្លាស់ប្តូរនូវព័ត៌មានថ្មីៗពីគ្នា ក៏ដូចជាការពង្រឹងស្ថាប័ននៃប្រទេស បញ្ជូន និងប្រទេសទទួលពលករផងដែរ៕

ដោយ ប៊ុនរិទ្ធ