សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម និងឡាវ នៅថ្ងៃស្អែក

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាង ភក្តី

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង៨.៣០នាទីព្រឹក សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម និងឡាវ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងឡាវ លើកនេះ ដើម្បីរិតចំណងមិត្ត បង្កើនទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងពីរនេះ ក្នុងក្របខណ្ឌសភាឲ្យកាន់តែប្រសើរឡើងថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែឧសភា តបតាមការអញ្ជើញរបស់លោកជំទាវ ង្វៀន ធី គិម ងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម និងបន្តដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា តបតាមការអញ្ជើញរបស់លោកជំទាវ ផានី យ៉ាថទូ (PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាការងារទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ភាគីវៀតណាម មានដូចជា លោកស្រី ង្វៀន ធី គីម ងិន (NGUYEN THI KIMNGAN) ប្រធានរដ្ឋសភាវៀតណាម ឯកឧត្តម ង្វៀន ភូជុង (NGUYEN PHU TRONG) អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន ស៊ុន ហ៊្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្ត្រីវៀតណាម លោក ជិន ថាញ់មិន (TRAN THANH MAN) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងលោក វូ ម៉ៅ (VU MAO) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ ជាមួយគ្នានេះ ក៏នឹងមានការចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភានៃរដ្ឋសភាទាំងពីរ។
ដោយឡែក នៅប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគីជាមួយ៖ លោកស្រីជំទាវ ផានី យ៉ាថទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ និង ឯកឧត្តម ប៊ុនញ៉ាំង ប៉ូរ៉ាជិត (BOUNHANG VORACHITH) ប្រធានាធិបតីឡាវ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ រវាងអគ្គលេខាធិការរដ្ឋសភាប្រទេសទាំងពីរផងដែរ៕