ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នៅខេត្តឧត្តរមានជ័យបានប្រព្រឹត្តទៅល្អប្រសើរ

AKP ឧត្តរមានជ័យថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៣ ឆ្នាំ២០១៩ នៅខេត្តឧត្តរមានជ័យ បាន​ប្រព្រឹត្តទៅល្អប្រសើរ​នៅគ្រប់​ការិយាល័យបោះឆ្នោតទាំង៨​ការិយាល័យនៅទូទាំងខេត្ដ។ នេះបើតាមលោក ជិញ សំភួរ  ​ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹងនារសៀលថ្ងៃអាទិត្យ ៨រោច ខែពិសាខ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៩។

លោក ជិញ សំភួរ បានឱ្យដឹងថា ខេត្តឧត្តរមានជ័យ មានការិយាល័យបោះឆ្នោតចំនួន៥ការិយាល័យ​នៅតាមបណ្តាក្រុង ស្រុក មានអង្គបោះឆ្នោតចំនួន ១៥២នាក់ ដែលអង្គបោះឆ្នោត១រូប មានសិទ្ធិបោះឆ្នោតចំនួន២សន្លឹក គឺ១សន្លឹកសម្រាប់ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ​និង១សន្លឹកទៀតសម្រាប់ជ្រើសរើសក្រុមប្រឹក្សារាជធានី ​ខេត្ត ។ ខេត្តឧត្តរមានជ័យ ​មានគណបក្សនយោបាយចំនួន ៤បាន​ចូលរួម​បោះឆ្នោត រួមមាន៖ ​គណបក្សប្រជាជន​កម្ពុជា, គណបក្សខ្មែររួបរួម​ជាតិ, គណបក្សឆន្ទៈខ្មែរ, និងគណបក្សសញ្ជាតិ​កម្ពុជា។ នៅគ្រប់ការិយាល័យបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង៧ព្រឹក ដើម្បីដំណើរការបោះឆ្នោត ហើយបញ្ចប់​នៅម៉ោងប្រមាណជាង៩ព្រឹក នឹងបន្តរាប់សន្លឹកឆ្នោតដោយផ្ទៀង​ផ្ទាត់យ៉ាងយកចិត្ត​ទុក​ដាក់​ក្រោមការឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ ។

លោក​ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យបានបន្តថា ដំណើរការនៃការបោះឆ្នោតនេះមិនមានបញ្ហាអ្វីគួរឱ្យកត់​សម្គាល់​នោះទេ គឺរក្សាបានសន្តិសុខ​សណ្តា ប់ធ្នាប់យ៉ាងល្អប្រសើរ អង្គបោះឆ្នោតទាំង១៥២នាក់បានទៅបោះឆ្នោត​ ក្នុងនោះ ​គណបក្សប្រជាជន​កម្ពុជាទទួលបាន ១៤១សំឡេង,គណបក្សខ្មែររួបរួម​ជាតិទទួលបាន ១០សំឡេង​, គណបក្សឆន្ទៈខ្មែរ  និងគណបក្សសញ្ជាតិ​កម្ពុជា ពុំមានសំឡេងទេ ក្នុងនោះសន្លឹកឆ្នោតមិនបានការ ០១សន្លឹក៕

ដោយ ទិត ស្រ៊