សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមសន្និបាត UN-ESCAP នៅទីក្រុងបាងកកប្រទេសថៃ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកជៀង យ៉ារ៉េត រូបភាពលោកអ៊ូកាណែល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំរបស់គណៈ កម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCA P) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។
អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមានឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជប្រធានគណៈ កម្មាធិការជាតិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកលោកជំទាវអ៊ឹងកន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។
ដំណើរអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំ UN-ESCAP របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខា ធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិ ការប្រតិបត្តិរបស់ UN-ESCAP។
សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គ ការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ននិងសមភាព » ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩។
តាមការគ្រោងទុកសន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រីនិងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន៥៣ ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗរបស់អង្គ ការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិបវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋា ភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។
គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍ការដែល UN- ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ ២០១៩ ។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហ ប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក។
សន្និបាតប្រចាំឆ្នាំនេះ មានពីរផ្នែករួមមាន៖ ទី ១. កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០១៩ និងទី២. កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី គឺចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែ ឧសភា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាតដោ យផ្តោតជាសំខាន់លើការចែករំលែកបទពិសោធ ន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជា ពលរដ្ឋកម្ពុជា។ការអញ្ជើញឱ្យសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាចែករំលែនូវបទពិសោធន៍នេះ ក៏ដោយសារ UN-ESCAP ទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ឯកឧត្តម លី ធុជ ប្រធានគណៈកម្មាធិការជាតិ ESCAP តំណាងរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងត្រូវអញ្ជើញធ្វើជាប្រធានអង្គសន្និបាត នាព្រឹកថ្ងៃទី ២៨ ខែឧសភា ផងដែរ។ មន្ត្រីជាន់ខ្ពស់របស់កម្ពុជាមួយចំនួនទៀត ក៏នឹងត្រូវអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតាមវិស័យមួយចំនួននៅក្នុងសន្និបាតប្រចាំឆ្នាំនេះផងដែរ។
សូមបញ្ជាក់ថា កម្ពុជា បានចូលជាសមាជិក UN-ESCAP នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៤៥។ កម្ពុជាបានចូលរួមវិភាគទានដល់ UN-ESCAP ចំនួន ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីរួមចំណែកធ្វើសកម្មភាពមួយចំនួនរបស់ UN-ESCAP៕