សម្ភារ និងឧបករណ៍សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

វិទ្យុជាតិកម្ពុជា ៖ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖សម្ភារ និងឧបករណ៍សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣
បានទៅដល់ការិយាល័យបោះឆ្នោតរួចរាល់ហើយ
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ គឺមួយថ្ងៃមុនថ្ងៃបោះឆ្នោត គណៈកម្មការរាជធានី ខេត្តរៀបចំការ
បោះឆ្នោត (គធ.ខប) បានបន្តប្រគល់សម្ភារ និងឧបករណ៍សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
អាណត្តិទី៣ ឆ្នាំ២០១៩ ដែលបានបញ្ជូនមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនគណៈកម្មការ
ការិយាល័យបោះឆ្នោតទាំង ២០៣ រួចរាល់ហើយ។
សម្ភារ និងឧបករណ៍ទាំងនោះ មានសរុបប្រមាណ ៣៧មុខ ក្នុងនោះមានសម្ភារ និងឧបករណ៍សំខាន់ៗ
ចំនួន ៥មុខ ដែលមិនអាចខ្វះបានសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត រួមមាន៖
សន្លឹកឆ្នោត
ត្រាសម្ងាត់
-បញ្ជីបោះឆ្នោត
· ហិបឆ្នោត
ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃ ។
ក្នុងដំណើរការនៃការប្រគល់សម្ភារ និងឧបករណ៍ទាំងអស់នេះ មានការចូលរួមសង្កេតមើលយ៉ាង
ច្បាស់លាស់ពីភាគីពាក់ព័ន្ធមានជាអាទិ៍៖ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ជាពិសេស
មានភ្នាក់ងារសន្តិសុខបោះឆ្នោតការពារសុវត្ថិភាពនៅគ្រប់ការិយាល័យបោះឆ្នោត ។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ខុសពីការបោះឆ្នោតផ្សេងទៀត ដោយសារ
អ្នកបោះឆ្នោតត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សា ២ប្រភេទផ្សេងគ្នាក្នុងការិយាល័យបោះឆ្នោត
តែមួយ ហើយមានហិបឆ្នោតចំនួន ២ បន្ទប់សម្ងាត់ចំនួន ២ និងត្រាសម្ងាត់ចំនួន ២ ផងដែរ៕