គ.ជ.ប ថា ការិយាល័យបោះឆ្នោតទាំង២០៣ បានបិទមុនពេលវេលា ដោយសារតែអ្នកបោះឆ្នោតបានទៅបោះឆ្នោតគ្រប់ចំនួន

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖   គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អះអាងថា ការិយាល័យបោះឆ្នោតទាំង២០៣ ដែលបម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែឧសភានេះ បានបិទមុនពេលវេលា ដោយសារតែអ្នកបោះឆ្នោតបានទៅបោះឆ្នោតគ្រប់ចំនួន។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានបញ្ជាក់ថា ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន២០៣ការិយាល័យ បានបើកឲ្យដំណើរការព្រមៗគ្នានៅម៉ោង ៧ព្រឹក ដោយគ្មានការរាំងស្ទះនោះឡើយ។

គ.ជ.ប បានបន្តថា ការិយាល័យបោះឆ្នោតក្នុងខេត្តខ្លះ ត្រូវបានបិទបញ្ចប់ការបោះឆ្នោតជាបន្តបន្ទាប់ ដោយសារអ្នកបោះឆ្នោតដែលសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ក្នុងមុខតំណែង បានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត ក៏បានបន្តនីតិវិធីជាបន្តបន្ទាប់ ដើម្បីរាប់សន្លឹកឆ្នោតជាបន្តទៀត។

គ.ជ.ប បានលើកឡើងថា សរុបជារួមដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខ  សណ្តាប់ធ្នាប់ល្អ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាការបោះឆ្នោតអសកលដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងបច្ចុប្បន្នសរុប១១.៥៧២នាក់ ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា២ប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។

គណបក្សនយោបាយដែលចូលរួម ក្នុងការបោះឆ្នោតដណ្តើមយកអាសនៈសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត សរុបចំនួន៥៥៩អាសនៈ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សរុបចំនួន៣.៥៥៥អាសនៈមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។

យោងតាមប្រតិទិនរបស់ គ.ជ.ប បានឲ្យដឹងថា លទ្ធផលផ្លូវការនៃការបែងចែកអាសនៈទាំងនេះ នឹងត្រូវប្រកាសក្រោយរយៈពេល១៤ថ្ងៃ បន្ទាប់ពីការប្រកាសលទ្ធផលបឋមតាមទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជានៅល្ងាច និងយប់ថ្ងៃទី២៦ ខែឧសភា និងការប្រកាសលទ្ធផលបណ្តោះអាសន្ននៅ ថ្ងៃទី២៧ ខែឧសភានេះ៕