ក្លិបអ្នកជិះកង់ដើម្បីសហគមន៍ និងក្រុមហ៊ុន វីតាល់ រៀបចំកម្មវិធីជិះកង់​សប្បុរស ធម៌ធំបំផុតប្រចាំឆ្នាំ ដើម្បីប្រមូលបានថវិកាផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

AKP សៀមរាប ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ — ក្លិបអ្នកជិះកង់ដើម្បីសហគមន៍ សហការជាមួយក្រុមហ៊ុន វីតាល់ បានរៀបចំកម្មវិធី ជិះកង់​សប្បុរសធម៌ធំបំផុត​ប្រចាំឆ្នាំ ដើម្បីប្រមូលបានថវិកាផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្ត​សៀម​រាប។ កម្មវិធីជិះកង់មនុស្សធម៌នេះ បានធ្វើឡើង នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ នេះ ​ដោយ​មានអ្នកចូលរួមចំនួន៩៦៣នាក់ ដោយម្នាក់ៗត្រូវបង់ថវិកា១៥ដុល្លារ ហើយសម្រាប់កម្ម​វិធីជិះ​កង់សប្បុរសធម៌ធំបំផុតប្រចាំឆ្នាំ២០១៩នេះប្រមូលថវិកាបានប្រមាណជាង២ម៉ឺន ដុល្លារ អាម៉េរិក​។ លោក អ៊ុំ វណ្ណៈ ប្រធានផ្នែកទំនាក់ទំនងទីផ្សារនៃក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ ថា នេះគឺជាឆ្នាំទី៥ហើយដែលវីតាល់បានចូលរួមឧបត្ថម្ភដល់កម្មវិធីជិះកង់នេះ។ ផ្អែកលើ​ទស្សន​វិស័យរួមគ្នាគឺការជួយដល់សង្គម និងពង្រឹងសកម្មភាពមនុស្សធម៌។ លោកបានបន្ដថា ក្រុមហ៊ុនវីតាល់ រីករាយនឹងបន្ត និងគាំទ្រដល់ សមាគមន៍ជិះកង់កម្ពុជាក្នុងការរៀបចំកម្មវិធី​ជិះកង់សប្បុរស ដើម្បីផ្ដល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការជាចាំបាច់ក្នុង​ការ​ជួយសង្គ្រោះជីវីតកុមាររាប់ពាន់អ្នកជារៀងរាល់ថ្ងៃ។

លោក គឹម ប៊ុនថាន់ ស្ថាបនិកនៃសមាគមអ្នកជិះកង់ដើម្បីសហគមន៍ បានថ្លែងថា “កម្មវិធីឆ្នាំនេះពិតជាកាន់តែពិសេសខ្លាំងមែនទែន ដោយមានការគាំទ្រ និងចូលរួម​យ៉ាងច្រើន​កុះករពីសំណាក់អ្នកជិះកង់ច្រើនជាងមុន ថែមទាំងទទួលបានការឧបត្ថម្ភជា​ច្រើនពីស្ថាប័ន​ផ្សេងៗ ជាពិសេសក្នុងនោះមានការឧបត្ថម្ភធំជាងគេពីក្រុមហ៊ុនទឹកពិសាវីតាល់ ដែលអាចធ្វើ​ឱ្យកំណើនមូលនិធិឆ្នាំនេះកើនឡើងគួរឱ្យកត់សម្គាល់។ លោកបានបន្ដថា ​អ្វីដែលកាន់តែរំភើប​ទៅទៀតនោះគឺ សំបុត្រចូលរួមត្រូវបានលក់អស់តាំងពីថ្ងៃចាប់បើកលក់ក្នុងអាទិត្យដំបូង ហើយចំនួនក៏បន្តកើនឡើងជាលំដាប់ ដែលនេះ បានបង្កើនទឹកចិត្តក្រុមការងារទាំងអស់​ផងដែរ។

លោកក៏បានថ្លែងអំណរគុណ ដល់វីតាល់ ចំពោះការចូលរួមចំណែកឧបត្ថម្ភ និងរៀប ចំកម្មវិធីឱ្យមានភាព កាន់តែអធិកអធមចំពោះកម្មវិធី «តោះជិះកង់ដើម្បីសហគមន៍ឆ្នាំទី ៦» បាន​បញ្ចប់ទៅដោយក្តីរីករាយ ស្នាមញញឹម មិត្តភាព និងអនុស្សាវរីយ៍ដែល​មិនអាចបំភ្លេចបាន។ លោកក៏រំពឹងយ៉ាងមុតមាំថា កម្មវិធីនេះនឹងបន្តស្ថិតស្ថេរជារៀងរាល់ឆ្នាំ ក្រុមហ៊ុនវីតាល់នឹងគាំទ្រយ៉ាងពេញទំហឹងបន្ថែមទៀត ដើម្បីក្តីរំភើបប្រជាពលរដ្ឋ និងកុមារ​កម្ពុជាទូទាំងប្រទេស៕

ដោយ ឃុត សៅ