មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថា នៅក្នុងឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាម និងរាគរួស​បាន រាតត្បាតខ្លាំងទៅលើកុមារកម្ពុជា

AKP សៀមរាប ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ បើតាម​ការដាននិងអង្គេតឃើញថា ជំងឺគ្រុនឈាម និងជំងឺរាគរួស បាននិងកំពុងរាតត្បាតខ្លាំងទៅ​លើកុមារ និងមានការកើនឡើងជាងឆ្នាំ២០១៨ គួរឱ្យបារម្ភ។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ៨.០០០នាក់ហើយ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបើកសន្និសីទ ស្ដីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើក ទី៤​ នៅកម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានលើកឡើងថា ការកើនឡើងខ្ពស់នៃចំនួនជំងឺគ្រុនឈាមនេះ ក្រសួងសុខាភិបាលបាន​យកចិត្ត​ទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍ទប់ស្កាត់ និងធ្វើការព្យាបាលឱ្យមានប្រសិទ្ធ​ភាព​ខ្ពស់។ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីតាមដាន និងទប់ស្កាត់ការកើតឡើងនូវ​ប្រភេទជំងឺ​ថ្មី​មកលើកុមារ សមាគមគ្រូពេទ្យកុមារកម្ពុជា តែងតែបានប្រារព្ធសន្និសីទនេះ យ៉ាងទៀតទាត់ ក្នុងមួយឆ្នាំម្ដង ក្នុងគោលបំណង ដើម្បីផ្ដល់នូវវេទិកា ដល់អ្នកឯកទេសផ្នែករោគ​កុមារទាំង​ក្នុងប្រទេស និងក្រៅប្រទេស បានចែករំលែក និងផ្ដាស់ប្ដូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជា​ជួយ​ផ្ដល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារ។

ជាក់​ស្តែងនៅថ្ងៃនេះ គ្រូពេទ្យដែលមាន​​ឯកទេសផ្នែករោគកុមារបានជួបជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សាគ្នាដោយផ្តោតសំខាន់ ទៅលើសណ្ឋានធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម និងក្បួនព្យាបាលជំងឺនេះ ដែលនៅតែជាចំណោទ បញ្ហាគំរាមកំហែង ដល់អាយុជីវិតកុមារកម្ពុជា ពិសេសនៅឆ្នាំនេះ ឃើញថា ការកើនឡើងនៃ​ជំងឺ​នេះ បាននិងកំពុងតែយារយី ដល់ជីវិតកុមារកម្ពុជា គួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះ ការធាត់ខ្លាំងនៃកុមារ ដោយសារកត្តាបរិស្ថានជុំវិញ ជីវភាពកុមារ និងកត្តាតំណពូជរបស់កុមារ ព្រោះបច្ចុប្បន្ន ក៏មានការកើននូវកុមារធាត់លើសទម្ងន់ គួរឱ្យកត់សម្គាត់ណាស់ដែរ។

ឯកឧត្តមបានបន្ដថា នេះគឺបានបង្ហាញពីផលវិបាក នៃការមើលអេក្រង់ឧបករណ៍អេឡិចត្រូនិក មានអេក្រង់ទូរស័ព្ទជាដើម ព្រោះកុមារ ជាពិសេសកុមារតូចៗ។ ក្រៅពីនេះ ការព្យាបាល​ជំងឺ​រលាក និងដំបៅក្រពះ បណ្ដាលមកពីមេរោគបាក់តេរីឈ្មោះ អេលីកូ បាក់ទែរពីឡូរី។ ឯកឧត្តមបានបន្ថែមថា ជំងឺមេឡូអ៊ីត គឺជាជំងឺបណ្ដាលមកពីបាក់តេរីឈ្មោះ បូគោដេរា សឺដូម៉ា​ឡេអ៊ី ដែលច្រើនកើតនៅរដូវភ្លៀង និងជាជំងឺពិបាកព្យាបាល ពិសេសវាមានលក្ខណៈកាច ដែលបណ្ដាលឱ្យកុមារស្លាប់ក្នុងអត្រាខ្ពស់។ ទន្ទឹមនេះ ការបង្ហាញពីការព្យាបាលជំងឺបេះដូងពី​កំណើត ដោយការប្រើប្រាស់ថ្នាំលេប ឬចាក់ ដោយមិនបាច់វះកាត់ ឬរង់ចាំឱ្យកុមារធំធាត់ ដល់ពេលដែលអាចវះកាត់បាន។  លើលពីនេះទៀត ការបង្ហាញពីការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាដើម។

ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមាន ប្រសាសន៍​ណែនាំឱ្យសមាជិកសន្និសីទទាំងអស់ ជាគ្រូពេទ្យកុមារមកពីមន្ទីរពេទ្យនានា ត្រូវ ចូលរួមក្នុងការផ្ដល់នូវសេវាព្យាបាលកុមារយើងឱ្យមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ហើយត្រូវយកចិត្តទុកដាក់ជានិច្ច ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ។ ឯកឧត្តមក៏បានណែនាំដល់គ្រូពេទ្យ ជួយយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្តដល់​សហភារៈផ្សេងទៀត ដើម្បីធ្វើឱ្យកាន់តែប្រសើរ ក្នុងការផ្ដល់សេវាសុខភាពជូនប្រជា​ជនយើង​ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ឃុត សៅ