គ.ជ.ប លើកឡើងថា ដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុម ប្រឹក្សាអាណត្តិទី៣ ប្រព្រឹត្តទៅដោយរលូន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ — ដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សារាធានី ខេត្ត ក្រុ​មប្រឹ​ក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ គ្មា​ន​​អំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ។ នេះបើយោងតាម​សេ​ច ក្ដី​ប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ​២​​០១៩ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ការិយាល័យបោះ​ឆ្នោតទូ​ទាំ​ង​​ប្រទេស ដែលមានចំនួន២០៣ការិយាល័យ បានបើកឱ្យដំណើរការ​ព្រមៗ​គ្នានៅម៉ោង ៧   ​ព្រឹ​ក​ ដោយគ្មានការរាំងស្ទះ។​ ដោយសារអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សា​ឃុំ សង្កាត់​ក្នុង​មុខ​តំណែង ដូចនេះ មានការិយាល័យបោះឆ្នោតក្នុងខេត្តខ្លះ ត្រូវបានបិទបញ្ចប់ការបោះ​ឆ្នោត​​ជាបន្តបន្ទាប់ដោយអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការ​ការិយាល័​យ​បោះឆ្នោត ក៏បានបន្តនីតិវិធីជាបន្តបន្ទាប់ ដើម្បីរាប់សន្លឹកឆ្នោតជាបន្តទៀត។

គិ​ត​​​ត្រឹម​ម៉ោង១០:៣០ព្រឹក ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង ២០៣ការិយាល័យ​ មាន​ការិយា​ល័​​យ​បោះ​ឆ្នោតចំនួន១៩៦ការិយាល័យ ត្រូវបានបិទបញ្ចប់ការបោះឆ្នោត និងការិយា​ល័យ​បោះ​ឆ្នោ​ត​ចំនួន៧ទៀតមិនទាន់បិទការបោះឆ្នោត ដោយសារមានអ្នកមិនទាន់បាន​បោះ​ឆ្នោតចំនួន ១​០​​នាក់ ក្នុងនោះមានអ្នកបោះឆ្នោត ចំនួន១នាក់ បានទទួលមរណភាព ដោយ​គ្រោះថ្នាក់ចរា​ច​រ​ណ៍​​ (ឃុំក្រែក ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ) និងមានការិយាល័យរាប់​សន្លឹកឆ្នោត ចំនួនជាង ៥០ភាគរយ បានបញ្ចប់ការរាប់សន្លឹកឆ្នោត។

គួរបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ មានគណបក្សន​យោ​បាយចូលរួមប្រកួតប្រជែងចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណប​ក្សហ៊្វុន​ស៊ិ​ន​​ប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណ​បក្ស​ឆ​ន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។ សម្រាប់អាសនៈ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសមានចំនួនសរុប ៤.១១៤អាសនៈ។ ក្នុងនោះ​អា​ស​នៈ ​​ក្រុមប្រឹក្សារាជធានី-ខេត្តទាំង២៥ មានចំនួន ៥៥៩អាសនៈ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន២០៣ មានអាសនៈចំនួន៣.៥៥៥អាសនៈ។

បើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត បា​ន​ឱ្យដឹងផងដែរ​ថា បេក្ខភាពឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយទាំង៧ មានចំ​នួ​នសរុប ២១. ៦៩២នាក់ ស្រី្ដ ៧.២៧៨នាក់។ ក្នុងនោះពេញសិទ្ធិមានចំនួន ១០.៦៩៨នាក់ ស្ដ្រី ៣.២២០នាក់ និងបម្រុងចំនួន១០.៩៩៤នាក់ ស្រ្ដី ៤.០៥៨នាក់។ ​ដោយឡែក អង្គបោះឆ្នោតដែល​ជា​ក្រុម​ប្រឹក្សាឃុំ សង្កាត់ (១៦៤៦ឃុំ/សង្កាត់) មានចំនួនសរុប ១១.៥៧២នាក់ ស្រ្ដី ២.៣៨២។ ជាមួយគ្នានេះដែរ ការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ក៏មានការអញ្ជើញ​ចូល​រួមសង្កេត​ការ​ណ៍​ដំ​ណើ​រ​​ការបោះឆ្នោតពីអង្គការសមាគមក្រៅរដ្ឋាភិបាលចំនួន១៩ មាន​សមាជិក​រហូតដល់​ប្រមា​ណ​ ១.០១០នាក់៕

ដោយ ជឹម ណារី