ក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlinesរបស់ឥណ្ឌូនេស៊ីនឹងបើកការហោះហើរត្រង់មកកម្ពុជាជាលើកដំបូងនៅថ្ងៃទី២៩ ខែមិថុនាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖  ក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines របស់ឥណ្ឌូនេស៊ីនឹងបើកហោះហើរត្រង់ពីឥណ្តូណេស៊ីមកកម្ពុជាជា​លើកដំបូង​នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីសម្រួលដល់ភ្ញៀវទេសចរ នៃប្រទេសទាំងពីរធ្វើដំណើរទៅមកកាន់តែច្រើន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines ស្តីពីការត្រៀមរៀបចំ​សម្ពោធជើងហោះហើរត្រង់ពីឥណ្តូណេស៊ីមកកម្ពុជា ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០១៩ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ការតភ្ជាប់ជើងហោះហើរត្រង់នេះ ពិតជា​មានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសជាតិយើងទាំងពីរ ជាពិសេសពង្រឹង​​ពង្រីកទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមបន្ថែមថា ការតភ្ជាប់ជើងហោះហើរត្រង់នេះ គឺជាចូលរួមចំណែកលើកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ​​ការរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការចូលរួមអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្តូនេស៊ី។

ឯកឧត្តមបានរំលឹកថា ការបើកឲ្យមានការហោះហើរត្រង់មកកម្ពុជានេះ បានធ្វើឡើងក្រោយពីមានការផ្អាកអស់រយៈពេលជិត​ ៥០ឆ្នាំ​កន្លងមក ដែលក្នុងអំឡុងទស្សវត្សទី៧០ ធ្លាប់មានការហោះហើរត្រង់ពី ភ្នំពេញ-ហ្សាកាតា-ភ្នំពេញ តាមរយៈក្រុមហ៊ុន Royal Air Cambodge។

កម្ពុជា និងឥណ្តូណេស៊ីមានប្រវត្តិទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរយារណាស់មកហើយ។ សាធា​រណរដ្ឋឥណ្តូណេស៊ីជាប្រទេស​​ដែលមានសក្តានុពលវប្បធម៌ដ៏សំបូរបែប និងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏ល្អ ជាប្រទេសមួយដ៏ធំដែលមានប្រជាជនច្រើន​​ប្រមាណ ២៥០លាននាក់ ហើយប្រជាជនឥណ្តូនណេស៊ីក៏មានជីវភាពរីកចម្រើន ប្រជាជនកម្រិតកណ្តាល (Middle Class) ក៏ច្រើន ហើយមានទេសចរធ្វើដំណើរចេញក្រៅប្រទេសក៏ច្រើន ដែលភាគច្រើនចេញទៅប្រទេសម៉ាឡេស៊ី សឹង្ហបុរី ថៃ ។ ប៉ុន្តែមកកម្ពុជាយើង​​នៅតិចនៅឡើយ។

អ្នកទេសចរកម្ពុជាអាចទៅលេងកោះបាលី តំបន់បេតិកភណ្ឌប្រាសាទបូរ៉ូបូឌូ និងតំបន់ទេសចរណ៍ដ៏ទៃទៀត ហើយទេសចរឥណ្​​តូណេស៊ីក៏អាចមកលេងកម្សាន្តតាមគោលដៅទេសចរណ៍នានានៅកម្ពុជាកាន់តែងាយស្រួល។ ដូច្នេះក្រសួងទេសចរណ៍​​សូមអំពាវនាវដល់ក្រុមហ៊ុនឯកជន និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ចូលរួមយ៉ាងសកម្មក្នុងការឃោស​​នាផ្សព្វផ្សាយការហោះហើរត្រង់ពីឥណ្តូណេស៊ីមកកម្ពុជានេះ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ។

 

លោក Heriyanto អនុប្រធានប្រតិបត្តិ និងប្រតិភូក្រុមហ៊ុនអាកាសចរណ៍  CITILINK Airlines  បានបញ្ជាក់ថា ការបើកការហោះ​​ហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា នេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរបានច្រើន ទាំងថវិកា និងពេលវេលា ដោយអាចធ្វើដំណើរត្រឹមតែ៣ម៉ោងប៉ុណ្ណោះ មិនបាច់ចូលចតនៅប្រទេសទី៣ដូចកាលមុនទៀតទៀតទេ។

ឯកឧត្តម Suirman Hasseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូណេស៊ីប្រចាំនៅកម្ពុជា­បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្​​តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងភាគីឥណ្ឌូនេស៊ីដែលសម្រេចបានដល់ការបើកដំណើរការនៃជើងហោះហើរត្រង់មកកម្ពុជានេះ។  ឯកឧត្តម សង្ឃឹមថា ទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរីកចំរើនលើគ្រប់វិស័យជាពិសេសវិស័យទេសចរណ៍។

នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦លាន ២សែននាក់ កើនឡើងជិត១១ភាគរយ ធៀបនឹងឆ្នាំ២០១៧ រួមចំណែក ជិត១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ ៦២ម៉ឺននាក់។ ក្នុងនោះ កម្ពុជាទទួលបានទេសចរឥណ្តូណេស៊ីចំនួន ជាង៥ម៉ឺន៥ពាន់នាក់។ក្នុងរយៈពេល ០៣ខែ ដើមឆ្នាំ ទេសចរឥណ្តូណេស៊ីចំនួន ជាង១ម៉ឺននាក់ ៕