រាជរដ្ឋាភិបាលបង្កើនវិធានការណ៍បង្ការទប់ស្កាត់មិនឲ្យបញ្ហាគ្រឿងញៀនជ្រៀតចូលក្នុងគ្រឹះស្ថានសិក្សា

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត

ភ្នំពេញ៖  រាជរដ្ឋាភិបាលបង្កើនវិធានការណ៍បង្ការទប់ស្កាត់មិនឲ្យបញ្ហាគ្រឿងញៀនជ្រៀតចូលក្នុងគ្រឹះស្ថានសិក្សា ដើម្បី​​ធានាឲ្យសិស្សានុសិស្សបាននៅឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមកំពុងស្អប់ខ្ពើម។

ក្នុងពិធីផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍នៅ​សាលាគរុកោសល្យ​​ភូមិ​ភាគតាកែវ នៅថ្ងៃទី២៤ ខែឧសភា លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានស្នើ​​អោយ​អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់កុំអោយគ្រឿងញៀនគ្រប់ប្រភេទរីករាលដាល់ចូលទៅដល់គ្រឹះស្ថានសិក្សាដើម្បីធានាអនាគតកុមារកម្ពុជា ព្រោះពួកគេគឺជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ ប្រទេសជាតិនាពេលអនាគត។

លោកជំទាវអនុរដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ត្រូវហានរាយការ នៅពេលឃើញមានករណីគ្រឿង​​ញៀននៅក្នុងសាលារៀន ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះទៀតលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ ផ្ស្វព្វផ្សាយអប់រំដល់សិស្សទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ឲ្យមានការយល់ដឹងពីបញ្ហាអវិជ្ជមាន​​នៅពេលប្រើ​​ប្រាស់​គ្រឿងញៀន តាម រយៈ ផ្តួចផ្តើមឲ្យមានជាការគូរគំនូរ តែងកំណាព្យប្រឆាំងគ្រឿងញៀន និងកម្មវិធីពិភាក្សាផ្សេងៗ សំដៅធ្វើយ៉ាងណាឲ្យសិស្សមានការយល់ដឹងនិងលើកកម្ពស់ការអប់រំបង្ការបញ្ហាគ្រឿងញៀន។

លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បាន ថ្លែងអំណរគុណដល់ស្ថាប័នថ្នាក់ជាតិដែលបានរៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយ បញ្ហាគ្រឿងញៀននេះឡើងនៅក្នុងខេត្តតាកែវ ដើម្បីជាសារក្រើនរំលឹកដល់យុវជននិងសិស្សានុសិស្សឲ្យនៅឆ្ងាយពីគ្រឿងញៀន។

លោកបានអៈអាងថា អាជ្ញាធរខេត្តនឹងជំរុញការងារផ្សព្វផ្សាយអប់រំនេះឲ្យបានគ្រប់គ្រឹះស្ថានសិក្សាទំាងអស់នៅទូទំាងខេត្ត ហើយឲ្យបានជាប់ជាប្រចាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន នេះឲ្យអស់នៅក្នុងសង្គមកម្ពុជា។

ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ថោង សុគន្ធា អគ្គលេខាធិការ រង នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា អាជ្ញាធរ​ជាតិគ្រឿងញៀនបានជំរុញការងារអប់រំផ្សព្វផ្សាយឲ្យបានគ្រប់គ្រឹះស្ថានសិក្សាទំាងអស់នៅទូទំាងប្រទេស ព្រោះវា​ជាការ​ងា​​អាទិភាពដើម្បីបង្កើនការយល់ដឹងពីបញ្ហាគ្រឿងញៀននេះដល់ប្រជាលរដ្ឋ សម្រាប់បង្ការខ្លួនគាត់ ក្រុមគ្រួសារគាត់ កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន៕