មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ដកហូតត្រីងៀត មានផ្ទុកសារធាតុគីមីក្នុងផ្សារមេមត់

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហោ សេងគ្រី

ត្បូងឃ្ុំ៖ មន្ត្រីកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ បាន ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារក្នុងផ្សារមេមត់ ស្ថិតក្នុងស្រុកមេមត់ ដោយផ្ដោតទៅលើផលិតផលម្ហូបអាហារមួយចំនួន រួមមានៈ សាច់ក្រក បង្គារក្រៀម មឹកក្លាស្សេ បង្គារក្លាស្សេ និងត្រីប្រឡាក់ងៀតចំរុះមួយចំនួន ដោយយកគំរូផលិតផលទាំងនោះមកធ្វើតេស្តបឋម ដោយប្រើឧបករណ៌តេស្តឃីដ សំដៅស្វែងរកសារធាតុគីមីប៉ូរ៉ាក់ ដែលធ្វើអោយប៉ះពាលសុខភាពអ្នកទទួលទាន។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំបានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តបឋម កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីកាំកុងត្រូល បានរកឃើញវត្តមានសារធាតុគីមី បូរ៉ាក់ ក្នុងកំរិតខ្ពស់ ដែលបង្កអោយប៉ះពាល់សុខភាពរបស់អ្នកបរិភោគ លើត្រីងៀតផ្អែមក្រហម ដោយមន្ត្រីកាំកុងត្រូល បានចាត់វិធានការដកហូតភ្លាមៗ ចំនួន ០៨ គីឡូក្រាម ព្រមទាំងធ្វើកំណត់ហេតុដកហូតទៅតាមនីតិវិធី ។ ចំណែកផលិតផលគំរូដទៃទៀត ពុំមានវត្តមានសារធាតុគីមី ហាមឃាត់ឡើយ ។

លោកបានបន្តថា សមត្ថកិច្ចជំនាញក៍បានធ្វើការណែនាំអាជីវករ ក៏ដូចជាបានបិទស្លាកអប់រំ ស្តីពីការជ្រើសរើសម្ហូបអាហារប្រក​ប​ដោយគុណភាព និងសុវត្ថិភាព ដើម្បីឱ្យអ្នកលក់ និងអ្នកទិញ បានយល់ជាចំណេះដឹងក្នុងការដាក់តាំងលក់ ចំពោះផលិតផលទំនិញទាំងឡាយប្រកបដោយគុណភាពល្អ៕