ជប៉ុនផ្តល់ជំនួយសម្ភារៈកីឡាឆៀរលីដឌីងមួយចំនួនដល់សហព័ន្ធកីឡាកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ វ៉ែន សុវុទ្ឋី

ភ្នំពេញ៖   រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្ភារៈកីឡាឆៀរលីដឌីងមួយចំនួនដល់សហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជាក្នុងគោលបំណងជួយលើកស្ទួយ និងអភិវឌ្ឍន៍ វិស័យកីឡាប្រភេទនេះនៅកម្ពុជាអោយកាន់តែរីកចំរើន។

 ថ្លែងក្នុងកម្មពិធីប្រគល់និងទទួលសម្ភារៈកីឡាឆៀរលីដឌីងនៅព្រឹកថ្ងៃទី២៤ខែឧសភា ឯកឧត្តម Hidehisa hhorinoichi ហ៊ីដេហ៊ីសា ហូរីណូអ៊ីឈិ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ជំនួយសម្ភារៈកីឡាឆៀរលីដឌីងនាពេលនេះគឺជាការឆ្លើយតបទៅនឹងតម្រូវរបស់ សហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជា ដែលជួយជំរុញការលើកកម្ពស់វិស័យកីឡាឆៀរលីដឌីងនៅ កម្ពុជាឲ្យបានរីកសុះសាយ។

ឯកឧត្តមបានបញ្ជាក់ថា សមាគមឆៀរលីដឌីងជប៉ុនបានគាំទ្រនិងលើកកម្ពស់សម្ថតភាពក្រុម ឆៀរលីដឌីងកម្ពុជាហើយកាលពីឆ្នាំ២០១៦ក៏បានអញ្ជើញគ្រូបង្វឹកនិងកីឡាករឆៀរលីដឌីងចំនួន៩នាក់ ដើម្បីចូលរួមហ្វឹកហាត់នូវរដូវក្តៅក្នុងប្រទេសជប៉ុនផងដែរ។

សំឡេង៖ «តាមរយៈការផ្តល់សម្ភារៈកីឡានេះនិងបានធ្វើឲ្យកីឡាឆៀរលីដឌីងកម្ពុជានឹងមានភាពរីកចំរើនហើយមានការផ្លាស់ប្តូរទំនាក់ទំនងប្រទេសទាំងពីរក្នុងវិស័យកីឡាឆៀរលីដឌីងកាន់តែសកម្មថែមទៀត»។

លោកសាស្រ្តារចារ្យ ចាន់ សុខឃាង ប្រធានសហព័ន្ឋកីឡាឆៀរលីដឌីងកម្ពុជានិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុនបានចាត់ទុកស្បែកជើងឆៀរលីដឌីងដែលជប៉ុនប្រគល់ជូននេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កីឡាករកីឡាការនីឆៀរលីដឌីងហើយឆៀរលីដឌីងរបស់កម្ពុជាពិតជារំភើបខ្លាំងណាស់ជាមួយអំណោយមួយនេះ។

 លោកសាស្រ្តាចារ្យបានបន្ថែមថា សហព័ន្ឋឆៀរលីដឌីងកម្ពុជានឹងងខិតខំឲ្យអស់ពីលទ្ឋភាពក្នុងថែរក្សាទំនាក់ទំនងរវាងសហព័ន្ធកីឡាឆៀរលីដឌីង និងសមាគមឆៀរលីដឌីងជប៉ុនឲ្យបានកាន់តែស្អិតល្មួត ហើយប្រើប្រាស់សម្ភារៈទំាងនេះឲ្យបានយូអង្វែង។

ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការផ្តល់ជំនួយសម្ភារៈកីឡាឆៀរលីដឌីងនេះនឹងបានជួយជំរុញវិស័យកីឡានៅកម្ពុជាឲ្យមានភាពរីកចំរើន ជាពិសេសកីឡាករកីឡាការនីកម្ពុជាត្រូវធ្វើយ៉ាងណាខិតខំហ្វឹកហាត់បន្ថែមដើម្បីបង្កើនសម្ថភាពឲ្យកាន់តែបានល្អ។ ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលកម្ពុជាតែងតែធ្វើការជំរុញដល់ស្ថាប័នអប់រំគ្រប់កម្រិតទាំងឯកជន និងស្ថាប័នរដ្ឋធ្វើការចូលរួមអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទ។

  សំឡេង៖ «គោលដៅរបស់ក្រសួងធ្វើយ៉ាងណាបំពាក់ជួននិស្សិតនៅពេលរៀនចប់ទៅឲ្យមានវិជ្ជាសប្បទាបំណឹនសប្បទាហើយនិងចរិយាសប្បទាបន្ទាប់ទៅទៀតកាយសប្បទាពីព្រោះបើសិនគ្នានកាយសប្បទាទេចរិសប្បទាក៏ពិបាកបំណឹនសប្បទាក៏ពិបាកវិជ្ជាសប្បទាក៏ពិបាកដែរដើម្បីឲ្យគ្រប់ជ្រុងជ្រោយនោះគឺយើងធ្វើមិនបានទេដូច្នេះកីឡានេះជាបញ្ហាមួយមានសារៈសំខាន់ណាស់ដែលសាកលវិទ្យាល័យន័រតុងបានតយកចិត្តទុកដាក់ក្រសួងអប់រំសូមធ្វើការគាំទ្រសាកលវិទ្យាល័យន័រតុន»។

សូមបញ្ជាក់ថា សម្ភារៈកីឡាឆៀរលីដឌីងដែលសមាគមកីឡាឆៀរលីដឌីងជប៉ុនប្រគល់ជូនកម្ពុជានាពេលនេះមានស្បែកជើងកីឡាចំនួន៧៣គូ និងអាវយឺតចំនួន៣៨៥អាវ ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយកីឡាឆៀរលីដឌីងនៅកម្ពុជាឲ្យកាន់តែរីកចំរើន ៕