កម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖  កម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ៥ បន្ទាប់ពីទទួលបានកម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលថៃ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទទួលការសាងសង់ពីប្រទេសថៃ ឈ្មោះ FIN TECHNIC ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែត នឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) កសាងឡើងក្រោមជំនួយឥតសំណងពីរាដ្ឋាភិបាលប្រទេសថៃ ក្នុងទឹកប្រាក់ប្រមាណជាង១៩លានដុល្លារអាមេរិក និងការចូលរួមថវិកាបដិភាគពីថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ។
ស្ពាននេះជាស្ពានធំទី១ដែលបានកសាងពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ ៥១ ដោយមានប្រវែង៦២០ម៉ែត្រ ក្នុងនោះនៅផ្នែកទឹកដីកម្ពុជាមានប្រវែង២១៥ ម៉ែត្រ និងផ្នែកទឹកដីនៃប្រទេសថៃមានប្រវែង៤០៥ម៉ែត្រ ខណៈទទឹងនៃស្ពាន់នេះទំហំ១៧ម៉ែត្រ។
ដោយឡែក ការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ ប្រមាណ២៦,៤២លានដុល្លារអាមេរិក។ ថវិកានេះ នឹងប្រើប្រាស់សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់, សំណង់អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ», ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
កាលពីខែមេសាកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នា នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ៕