ក្រសួងទេសចរណ៍ និងវិស័យឯកជនសហការគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ក្រសួងទេសចរណ៍និងវិស័យឯកជនត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ឆ្នាំ២០១៩នៅ​រាជធានីភ្នំពេញចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍​កម្ពុជាទៅ​កាន់​ពិភពលោក។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៩ ហៅកាត់ថាCTM 2019 នៅទីស្ដីការក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំឯកឧត្តម សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថាព្រឹត្តិការណ៍ CTM 2019 នេះ នឹងមានការចូលរួមពីពីក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍ ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ រីឯក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬហៅថា Saler នោះ គឺភាគច្រើនជាក្រុមហ៊ុននៅ​ក្នុងប្រទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។

ម៉្យាងទៀត នេះ ក៏ជាឱកាសបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ស្នាមញញឹមពីធម្មជាតិរបស់ប្រជាជនខ្មែរ របៀបរបបនៃការរស់នៅ ការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះអន្តរជាតិ ហើយអ្នកសារព័ត៌មានទាំងនោះ នឹងរំលេចព័ត៌មានទាំងអស់នេះ។

ឯកឧត្តម សូ វិសុទ្ធី បានបន្ថែមថា កាលណាក្រុមហ៊ុនក្នុងស្រុក​ចូលរួមលក់​កញ្ចប់ទស្សនកិច្ទេសចរណ៍ និងផលិតផលទេសចរណ៍​​របស់​ខ្លួនកាន់តែច្រើនពួកគេ​​នឹងលក់បានកាន់តែច្រើន​​ហើយទទួលបានដៃគូល្អៗគួរជាទីទុកចិត្តកាន់តែច្រើន។

លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth Events Public & Relations ដែលជាដៃគូសហការរៀប​​ចំព្រឹត្តិការណ៍​នេះ​បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ខាងមុខនេះនឹងមានស្ដង់ពិព័រណ៍ចាប់ពី ២០០-២៥០ស្ដង់ និងមាន​​ពន្លាមួយចំនួនទៀតសម្រាប់សមាគម ទីភ្នាក់ងារទេសចរណ៍ ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្ដេជ្ញាថានឹងកៀរគរសមាជិកនិងដៃគូរបស់ខ្លួន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍CTM 2019 នេះឱ្យបានច្រើនដើម្បីបង្កើនការលក់ផលិតផល និង ការរីកចម្រើនវិស័យទេសចរណ៍ជាតិ។

សូមបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិកាលពីឆ្នាំ២០១៨ មានស្ដង់ចំនួន១៧៣ស្ដង់ ចូលរួមបានលក់​នូវកញ្ចប់​ទស្សនកិច្ច​ទេសចរណ៍ និងផលិតផលទេសចរណ៍របស់ខ្លួនទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕