អូស្ត្រាលីបន្ដជួយលើកកម្ពស់សមត្ថភាពនគរបាលកម្ពុជានៅតាមសហគមន៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​៖

រដ្ឋាភិបាលអូស្ត្រាលី បានគាំទ្របន្ដជួយលើកកម្ពស់សមត្ថភាពនគរបាលកម្ពុជានៅតាមសហគមន៍ ដើម្បីពង្រឹងសកម្មភាពធានាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានទូទាំងប្រទេសកាន់តែល្អប្រសើរ។
ថ្លែងក្នុងកិច្ចប្រជុំគម្រោងនគរបាល និងសហគមន៍ ហៅកាត់ថា (CPI )នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅ អគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្រី ខេត វីលស៊ុន លេខាទី២នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលីត្រៀមខ្លួនជានិច្ច សម្រាប់ជួយដល់នគរបាលកម្ពុជាជាពិសេស សម្រាប់ជួយដល់នគរបាលតាមសហគមន៍តែម្តង តាមរយៈការផ្ដល់ជំនួយ ការបណ្ដុះបណ្ដាល និងការផ្ដល់សម្ភារៈជាដើម។
លោកស្រីបន្ដថា ការគាំទ្រក្នុងការបន្តជួយនគរបាលកម្ពុជានេះ គឺដើម្បីលើកកម្ពស់វិសាលភាពការងាររបស់នគរបាលកម្ពុជាឲ្យមានសមត្ថភាពកាន់តែរឹងមាំ។
ជាមួយគ្នានេះលោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះនគរបាលកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ គឺមានការរីកចំរើនយ៉ាងខ្លាំង ជាពិសេសកិច្ចការងារលើកកម្ពស់សន្តិសុខសុវត្ថិភាពនៅតាមសហគមន៍ តាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេ ត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ជំនួយដល់កម្ពុជាហើយចាត់ទុកថា ជំនួយទំាងនេះ ថាបានពង្រឹងប្រសិទ្ធភាពនគរបាល នៅតាមសហគមន៍ ជាពិសេសការបំពេញការងារនិងផ្ដល់សេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋត្រឹមត្រូវច្បាស់លាស់ប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្តមបានបញ្ជាក់ថា ការធានាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋានគឺបាន បង្កើតភាពកក់ក្ដៅ និងជឿទុកចិត្ដពីសំណាក់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា គម្រោងការងារនគរបាល និងសហគមន៍(CPI)ដែលសហការជាមួយអគ្គស្នងការនគរបាលជាតិមកដល់ពេលនេះ មានអាណត្ដិ០៣ឆ្នាំហើយ ដោយចាប់ផ្ដើមពី ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ចប់នៅចុង ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ហើយអូស្រា្តលីបន្តការផ្តល់ជំនួយ បច្ចេកទេសផ្សេងៗទៀតដល់កម្ពុជានាពេលខាងមុខទៀត៕