រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាថា ប្រទេសក្នុងអនុតំបន់មេគង្គកំពុងរងការបំពុលដោយផ្សែងអ័ព្ទ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានលើកឡើងថា ប្រទេសក្នុងអនុតំបន់មេគង្គកំពុងរងការបំពុលដោយផ្សែងអ័ព្ទ ដែលបញ្ហានេះទាមទារឲ្យមានការចូលរួមដោះស្រាយពីប្រទេសជាសមាជិក។


ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសក្នុងអនុតំបន់មេគង្គ លើកទី៨ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែននៅក្នុងអនុតំបន់មេគង្គ ដែលធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី២៤ ខែឧសភា ដែលមានប្រតិភូចូលរួមមកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកម្ពុជាដែលជាម្ចាស់ផ្ទះ ព្រមលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន ប្រមាណ៦០រូប។


ឯកឧត្តម សាយ សំអាល់ បានបន្តថា ប្រទេសនៅក្នុងអនុតំបន់មេគង្គ ដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិជាច្រើន ដូចជាតំបន់ដីសើម ទឹកសាប តំបន់ដីមមោក តំបន់ឆ្នេរសមុទ្រ ធនធានព្រៃឈើ ធនធានជលផល និងធនធានរ៉ែ ជាដើមនេះ កំពុងទទួលរងផលប៉ះពាល់ពីការពង្រីកផ្ទៃដីកសិកម្ម ការពង្រីកទីក្រុង ការរីកលូតលាស់របស់វិស័យឧស្សាហកម្ម ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត ជាពិសេសការបំពុលផ្សែងអ័ព្ទឆ្លងដែន ដោយសារភ្លើងឆេះព្រៃ។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា មានតែកិច្ចសហប្រតិបត្តិការគ្នា និងការរៀបចំបទប្បញ្ញត្តិ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងវិធានការជាក់លាក់រវាងប្រទេស រដ្ឋសមាជិកអាស៊ាន និងប្រទេសនៃអនុតំបន់មេគង្គប៉ុណ្ណោះ ទើបអាចបង្ការ និងទប់ស្កាត់ពីការបំពុលផ្សែងអ័ព្ទឆ្លងដែនពីការភ្លើងឆេះព្រៃបាន។
រដ្ឋជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន កាលពីខែមិថុនា ឆ្នាំ២០០២ និងចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០០៣ ដើម្បីរួមគ្នាទប់ស្កាត់បញ្ហាឆ្លងដែននៃផ្សែងពុល និងកាត់បន្ថយភ្លើងឆេះព្រៃ តាមរយៈការផ្លាស់ប្តូរព័ត៌មាននិងបច្ចេកវិទ្យា និងការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក៕