សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ាង យ៉ាជុន បានជម្រាបជូនសម្តេចតេជោនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និង​ ឯកឧត្តម សុង តាវ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ឯ.ឧ វ៉ាង យ៉ាជុន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តមនាពេលនេះ គឺដើម្បីជំរុញនឹងបន្តការធ្វើការរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។ ឯ.ឧបានបញ្ជាក់ថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត។ ចំពោះឯកសារទាំងឡាយដែលបានចុះ ហត្ថលេខាជាមួយគ្នានាពេលកន្លងមកនៅក្នុងកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិននោះ គឺនឹងជំរុញទំនាក់ទំនរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត ជាពិសេសគឺនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ និងពង្រីកនូវកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត។
ឯ.ឧ វ៉ាង យ៉ាជុន បានជម្រាបជូនសម្តេចតេ ជោថា នៅពេលដែលឯកឧត្តមបានចុះពីយន្ត ហោះមកដល់រាជធានីភ្នំពេញ គឺឯ.ឧបានសង្កេត ឃើញរាជធានីភ្នំពេញមានភាពរស់រវើកស្រស់ស្អាត និងមានសក្តានុពលជាច្រើនផងដែរ។ ក្នុងពេលស្នាក់នៅកម្ពុជា ឯ.ឧនឹងទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាអំពីហេដ្ឋារចនា សម្ព័ន្ធសម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្មផ្សេងៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្រុងព្រះសីហនុ។ ឯ.ឧ យ៉ាជុន បញ្ជាក់ថា ចិននៅតែបន្តជំរុញការវិនិយោគមកកាន់ព្រះរាជាណា ចក្រកម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជាលើគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាក សួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់ ឯ.ឧវ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនាក់ទំនងផង ជាមួយនឹងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រ តិបត្តិការផង ជាពិសេសឈរលើឯកសារដែលបានចុះហត្ថលេខារួចហើយនោះ ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងសហគមន៍មួយជោ គវាសនាមួយ ដែលបានចុះហត្ថលេខានៅពេលកន្លងមក។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រទេសចិនជាមិត្តក្នុងការជួយជំរុញការវិនិយោគចិនអោយបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិននោះ៕