កូរ៉េខាងត្បូងនឹងចូលរួមវិភាគទានចំនួន ៣,៥ លានដុល្លារអាមេរិក ដល់ UNICEF សម្រាប់ជំនួយមនុស្សធម៌ទៅកាន់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — របាយកាណ៍ព័ត៌មានមួយបាននិយាយនៅថ្ងៃសុក្រនេះថា មូលនិធិកុមារសម្រាប់ អ.ស.ប (UNICEF)​នឹងចំណាយទឹកប្រាក់៣,៥លានដុល្លារ​អាមេរិក​ នៅក្នុងការ​​បរិច្ចាកប្រមាណ ៨លាន​ដុល្លារអាមេរិក ​​ដែល កូរ៉េខាងត្បូងបានសន្យាចំពោះទីភ្នាក់ងារអន្តរជាតិនានា​សម្រាប់គម្រោង​ជំនួយនៅក្នុងប្រទេសកូរ៉េខាងជើង។

បើយោងតាមវិទ្យុសំឡេងអាម៉េរិក(VOA)បានរាយការណ៍ថា អង្គការ UNICEF បាន​និយាយ​ថា ខ្លួននឹងប្រើមូលនិធិ ដើម្បីផ្តល់ការព្យាបាលជំងឺរាគរូសដល់កុមារចំនួន ៤៥០.000 នាក់ដែលមានអាយុក្រោម៥ឆ្នាំ នឹងចែកចាយឱសថចាំបាច់ មានដូចជាថ្នាំអង់ទីប៊ីយោទិច ដើម្បី​ប្រយុទ្ធនឹងជំងឺរលាកសួតដល់ទៅ ២,៨លាននាក់ នេះបើតាមអ្នកនាំពាក្យ​​អង្គការ​យូនី​សេហ្វលោក ស៊ីម៉ា ​អ៊ិស្លាម​ ត្រូវបានគេដកស្រង់សម្តីដែលនិយាយដោយសំដៅទៅលើ​ប្រទេស​​កូរ៉េខាង​ជើង។

លោក ស៊ីម៉ា បាននិយាយថា អ.ស.ប កំពុងស្វែងរកមូលនិធិចំនួន ១៩,៥លានដុល្លារ​អាមេរិក​សម្រាប់គម្រោងមនុស្សធម៌របស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងជើងក្នុងឆ្នាំនេះ ដោយនិយាយបន្ថែមថា កុមារម្នាក់ក្នុង   ចំណោមកុមារប្រាំនាក់នៅក្នុងប្រទេសនេះ ​គឺមិនមានការលូត​លាស់។

កាលពីសប្តាហ៍មុន ទីក្រុងសេអ៊ូលបានប្រកាសថា ខ្លួននឹងបរិច្ចាកថវិកាចំនួន ៨លាន​ដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក និងUNICEF ដើម្បីគាំទ្រគម្រោងរបស់​ពួក​គេ​ដែលមានបំណងជួយដល់ស្ត្រីមានផ្ទៃពោះ និងកុមារដែលទទួលរងនូវកង្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពនៅក្នុងប្រទេសក្រីក្រមួយនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )