លោក អាបេ សាទរលោក ម៉ូឌី ដែលឈ្នះការបោះឆ្នោតទូទៅក្នុងប្រទេសឥណ្ឌា

AKP ភ្នំពេញ ថ្ងៃទី២៤  ខែឧសភា ឆ្នាំ២០១៩ — ក្រសួងការបរទេសបាននិយាយនៅក្រុងតូក្យូថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ( Shinzo Abe ) បានបញ្ជូនការអបអរសាទររបស់លោក ជូនចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ( Narendea Moodi ) កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការឈ្នះការបោះឆ្នោតទូទៅរបស់គណបក្សលោក ។

ក្រសួងបាននិយាយថា ក្នុងអំឡុងការសន្ទនាគ្នាតាមទូរស័ព្ទមួយរវាងមេដឹកនាំទាំងពីរ លោក           អាបេ ក្នុងចំណោមរឿងរ៉ាវដទៃទៀតនោះ បាននិយាយថា លោកមានបំណងបង្កើនចំណងទាក់ទងទៅវិញទៅមក ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការថែមទៀតជាមួយលោក ម៉ូឌី ។

សម្រាប់ខាងលោកវិញលោក ម៉ូឌី បាននិយាយថា ទំនាក់ទំនងរបស់ប្រទេសឥណ្ឌាជាមួយប្រទេស ជប៉ុន បានទទួលផលប្រយោជន៍ហើយថា លោកសង្ឃឹមថា ចំណងទាក់ទងនេះអាចនឹងត្រូវគេលើកកម្ពស់ថែមទៀត ។

មេដឹកនាំទាំងពីរបម្រុងនឹងជួបគ្នានៅឯកិច្ចប្រជុំកំពូលក្រុម២០ ( G20 ) ក្នុងទីក្រុង អូសាកា ប្រទេស    ជប៉ុននៅខែខាងមុខនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )