សភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តដល់ប្រទេសបេឡារុស វិនិយោគវិស័យកសិកម្ម​នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ -សភាពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្ត​ឱ្យប្រទេស​បេឡារុសវិនិយោគវិស័យកម្មការនៅកម្ពុជា  និងបង្កើតរោងចក្រសម្រាប់ផលិតផងដែរ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួប ពិភាក្សារវាង លោកឧញ៉ា លឹម ហេង អគ្គនាយករដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ជាមួយ ឯកឧត្តម Vlafimir Goshin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩  នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ នេះបើយោងតាមការ​ចេញ​ផ្សាយ​របស់សភាពាណិជ្ជកម្មកម្ពុជា។

លោកឧញ៉ា លឹម ហេង បានមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះ គឺដើម្បី​ពិភាក្សាឈ្វេងយល់ពីសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងពង្រឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច រវា​ងប្រទេសទាំងពីរ។

ឯកឧត្តម Vlafimir Goshin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា បាន​លើកឡើងថា ការដឹកនាំគណៈប្រតិភូប្រទេសបេឡារុស មកកម្ពុជានេះ ដើម្បីសិក្សាឈ្វេង​យល់ពីបរិយាកាសសេដ្ឋកិច្ចដោយផ្ទាល់ ឱ្យបានកាន់តែច្បាស់លាស់។

លោកឧកញ៉ាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំ ហឹងចំពោះ ការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការដឹកនាំ ធុរជនប្រទេសបេឡារុស មកកាន់​ប្រទេសកម្ពុជា។ លោកឧកញ៉ាបានលើកទឹកចិត្តឱ្យប្រទេសបេឡារុស វិនិយោគទៅលើ​វិស័យ​កសិកម្ម ដូចជា ការដាំដុះ និងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងវិស័យទេសចរណ៍ ដែល​​មានប្រាសាទ អង្គរវត្តដ៏ល្បីល្បាញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ផងដែរ ដែលសុទ្ធតែជា វិស័យមានសក្តានុពលនៅប្រទេសកម្ពុជា៕

ដោយ ឡុង ស៊ីវ៉ាន់