តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ,គ ថ្មើជើង និងយុទ្ធដំណើរទ័ព ឆ្នាំ២០១៩

AKP ព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជា ការ យោធភូមិភាគទី៤ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ,គ ថ្មើជើង និងយុទ្ធដំណើរទ័ព ឆ្នាំ២០១៩ កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការវរៈសេនាតូចលេខ១ចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ។

លោកឧត្ដមសេនីយ៍ទោ ចាន់ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ការហ្វឹកហ្វឺនក្បួនយុទ្ធសាស្ត្ររបស់យោធាមានជារៀងរាល់ឆ្នាំ ហើយឆ្នាំ២០១៩នេះមានការហ្វឹកហាត់រយៈពេល៤៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានសមាសភាពចូលរួមចំនួន ១២០នាក់ មានគណៈកម្មការគ្រប់គ្រងចំនួន១០នាក់ គ្រូយោធាចារ្យចំនួន១០នាក់ និងកម្មសិក្សាការីមានចំនួន ១០០នាក់ ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង និង ឯកឧត្ដម អ៊ុន ចាន់ដា បានជំរុញដល់សិក្ខាកាមទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំប្រឹងប្រែងក្រេបជញ្ជក់ មេរៀនដែលគ្រូបានបង្រៀននិងបង្វឹកឱ្យបានហ្មត់ចត់ ដើម្បីឱ្យមានចំណេះ ដឹងកាន់តែខ្ពស់តាមលក្ខន្តិកៈនៃកងយោធពលខេមរៈភូមិន្ទ ព្រោះថាយើងជាកងយោធពលខេមរៈភូមិន្ទគឺជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល និងដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។ ប្អូនៗជាសិក្ខាកាមដែលត្រូវហ្វឹកហាត់នៅពេលនេះធ្វើយ៉ាងណាគោរពវិន័យក្នុងការហ្វឹកហ្វឺន ស្ដាប់គ្រូបង្គោលគ្រប់ផ្នែកយុទ្ធសាស្រ្ត យុទ្ធវិធីក្នុងច្បាប់ដែលក្រសួងការពារជាតិ ក៏ដូចជាអគ្គមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក បានដាក់ចុះ និងត្រូវចេះសាមគ្គីផ្ទៃក្នុងហើយចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងសកម្មភាពផ្សេងៗទៀតដែលសង្គមស្អប់ខ្ពើម ខុសច្បាប់ ព្រោះថាយើងជាកម្លាំងដ៏ស្រូចមួយសម្រាប់ការពារអធិបតេយ្យភាពបូរភាពដែនដី ការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយើងឱ្យបានសុខសាន្ត៕

ដោយទិត ស្រ៊​​​​​​​​​​​​