សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារសម្រេចបានឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០១៩

AKP កំពង់ធំ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ -សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបាន​រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកម្មភាពការងារសម្រេចបានឆ្នាំ២០១៨ និងលើកទិសដៅកម្មភាពការងារឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ។

ឯកឧត្ដម សុខ លូ បានមានប្រសាសន៍ថា មន្ត្រីកាកបាទក្រហមដែលកំពុងបម្រើការងារ​នៅក្នុងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវតម្លាភាព និងធ្វើការងារប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្ដល់នូវទំនុកចិត្តដល់សប្បុរសជនទាំងអស់ដែលខិតខំបរិច្ចាគធនធានផ្ទាល់ខ្លួន មកដល់សាខាកាកបាទក្រហមរបស់យើង ជាពិសេសឆ្លើយតបទៅនឹងទឹកចិត្តដ៏មហា​សប្បុរស ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក រងគ្រោះដោយសារគ្រោះធម្មជាតិ ឬរងគ្រោះដោយប្រការផ្សេងៗ ជាដើម។

ឯកឧត្តមបានបន្ថែម​ទៀតថា ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាសភាពគណៈកម្មា​ធិការសាខាអាណត្តិទី៤ មានការផ្លាស់ប្ដូរទទួលភារកិច្ចថ្មី ដូច្នេះយើងចាំបាច់ត្រូវជ្រើសរើសសមាសភាពថ្មីជំនួសនៅអាណត្តិទី៥នេះ។ កិច្ចប្រជុំក៏បានពិភាក្សា និងដំណើរការទៅតាមរបៀបវារៈរបស់ខ្លួនដែលមាន៖ ១-បូកសរុបលទ្ធផលសកម្មភាពការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩។ ២-ត្រៀមសម្ពោធអគារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅចុងខែមិថុនាឆ្នាំ២០១៩។ ៣-ត្រៀមការងារ      សន្និបាតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅចុងខែមិថុនា ឆ្នាំ២០១៩ ។ ៤-បញ្ហាផ្សេងៗ៕

ដោយ ស៊ុម វណ្ណា