ប្រធានស្តីទីព្រឹទ្ធសភា៖ ចិនមិនគ្រាន់តែជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ប៉ុន្តែក៏ជួយពង្រឹងភាពជា ម្ចាស់ និងឯករាជ្យដល់កម្ពុជាថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ -ប្រធានស្តីទីព្រឹទ្ធសភាបានអះអាងថា ការជួយរបស់ប្រទេសចិនមកកម្ពុជាមិនគ្រាន់តែនាំមក នូវការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាព របស់ ប្រទេសកម្ពុជាថែមទៀតផងដែរ។ ការលើកឡើងរបស់ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភានេះ ធ្វើ ឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យ៉ាងជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំ គណៈ ប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែ ឧសភា នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ កិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា និងក្រុមប្រឹក្សានយោបាយប្រជាជនចិន ក៏ត្រូវបាន ពង្រីកជាលំដាប់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំស្ថាប័ន និងគណៈកម្មការជំនាញសភានៃប្រទេស ទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ច គ្នាទៅវិញទៅមកជាបន្តបន្ទាប់។ ឯកឧត្តមបានបន្ដថា ជំនួយ ឧបត្ថម្ភរបស់សភាប្រឹក្សានយោបាយប្រជាជនចិន និងរដ្ឋាភិបាលចិនចំពោះព្រឹទ្ធសភា កម្ពុជា​បានរួមចំណែកយ៉ាងជាក់ស្តែងដល់ការពង្រឹងស្ថាប័ន និងលើកកម្ពស់សមត្ថភាពការងារ របស់ មន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានវាយ តម្លៃ ខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់ប្រទេសចិនដែលបាននាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។ ជាមួយគ្នានេះ ប្រទេសកម្ពុជាគាំទ្រយ៉ាង ពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ស៊ី ជិនពីង ដែលបានបង្កើតឡើងនូវគោល នយោបាយខ្សែក្រវាត់មួយផ្លូវមួយ និងធនាគារវិនិ យោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី(AIIB) ព្រមទាំងកិច្ចសហប្រតិបត្តិការចិនអាស៊ាន អាស៊ានបូក៣ តំបន់ពាណិជ្ជកម្ម សេរីចិន អាស៊ាន និង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ លើសពីនេះទៀត ប្រទសកម្ពុជានឹង ទទួលបាន នូវផលប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការទាំងអស់ខាងលើនេះ។

ឯកឧត្តមបានលើកឡើងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីជំរុញការផ្លាស់ប្ដូរប្រស័យ ទាក់ទងរវាងសភា រដ្ឋាភិបាល ក៏ដូចជាប្រជា ជននិងប្រជាជន និងបន្តលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការ ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព វិបុលភាពរួមនៅក្នុង និងក្រៅតំបន់ ។

ឯកឧត្តម វ៉ាង យ៉ាងជុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យវិស័យសេដ្ឋកិច្ចនៃ ប្រទេស កម្ពុជា មានការរីកចម្រើនជាលំដាប់។ ឯកឧត្តមបន្ថែមថា “ប្រទេសចិនសូមស្នើសុំ ពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញ ទៅមក”៕

ដោយ ប៊ុនរិទ្ធ