អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើគម្រោងបង្កើតរោងចក្រកែច្នៃ ជ័រកៅស៊ូ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ -ថ្ងៃព្រហស្បតិ៍ ៥រោច ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូខាង លើ ស្ថិតនៅលើផ្ទៃដីទំហំ ៥ហិកតា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូមិពូទីត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី របស់ក្រុមហ៊ុន សុកហ្វីន ខេ ស៊ី ឌី ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា ស៊ី អ៊ី អេស ។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រោយពីបានពិនិត្យពិភាក្សា អង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖ ១-គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ព្រោះបានលើកស្ទួយសេដ្ឋកិច្ចជាតិ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ ។ ២- ក្រុមហ៊ុនត្រូវបញ្ជាក់ឱ្យច្បាស់ពីបរិមាណទឹកដែលត្រូវប្រើប្រាស់ក្នុងសង្វាក់ផលិតកម្ម ប្រសិនបើមានការប្រើប្រាស់ទឹកឡើងវិញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់ប្រភពទឹកលើដីឱ្យអស់លទ្ធភាព មុននឹសម្រេចចិត្តប្រើប្រាស់ប្រភពទឹកក្រោមដី។ ៣-ក្រុមហ៊ុនត្រូវរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចេញពីសង្វាក់ផលិតកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនអនុញ្ញាតឱ្យការបង្ហូរទឹកកខ្វក់ចេញពីសង្វាក់ផលិតកម្មចូលប្រភពទឹកអូរជាដាច់ខាត។ ៤-ក្រុមហ៊ុនត្រូវមានវិធានការទប់ស្កាត់ និងកាត់បន្ថយក្លិនស្អុយចេញពីកៅស៊ូកុំឱ្យប៉ះពាល់ដល់កម្មករ និងប្រជាពលរដ្ឋ។

៥-ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់ភក់ សំណល់ចេញពីការប្រើប្រាស់សារធាតុគីមីឱ្យបានល្អ និងត្រូវសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ៦-ក្រុមហ៊ុនត្រូវចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានដូចជាជួសជុលផ្លូវ អណ្តូងទឹក និងសាលារៀនជាដើម។ ៧-សូមគាំទ្រចំពោះមតិយោបល់មន្រ្តីជំនាញដែលសមាជិកអង្គប្រជុំទាំងអស់ និងស្នើឱ្យក្រុមហ៊ុនកែសម្រួល និង បញ្ចូលក្នុងរបាយការ ណ៍ នៅមតិយោបល់ទាំងអស់។ ៨-ក្រុមហ៊ុនមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ប្រពៃណី វប្បធម៌ជាតិ ក្នុងតំបន់ឡើយ។

ប្រភពដដែលបានគូសបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធជាច្រើនរូប ៕

ដោយ ពេជ្រ ណារិទ្ធ