អាជ្ញាធរ​ភ្នំពេញប្រជុំដាក់ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​ ៖  រាជធានីភ្នំពេញ៖​ គណៈអភិបាលរាជធានីភ្នំពេញ​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ឃួង​ ស្រេង​ កាលពីរសៀលថ្ងៃទី២៣ឧសភា​ បានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធដើម្បីពង្រឹងឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់នាឱកាសបោះឆ្នោតអសកលនៅថ្ងៃទី២៦ឧសភាខាងមុខនេះ​ អោយទទួលបានជោគជ័យ។

ឯកឧត្តម​ ឃួង​ ស្រេង​ មានប្រសាសន៍ថា​ ដើម្បីអោយដំណើរការនៃការបោះឆ្នោតនេះដំណើរទៅបានល្អមានយុត្តិធម៌មានតម្លាភាពនិងប្រជាធិបតេយ្យដាច់ខាតយើងត្រូវពង្រឹងលើការងារសន្តិសុខនេះហើយ។ដូច្នេះទេកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរទាំង១៤ខណ្ឌត្រូវតែពង្រឹងសន្តិសុខសម្រាប់ការបោះឆ្នោតនេះអោយបានល្អប្រើសើរ។

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣បានបើកយុទ្ធនាកាលពីព្រឹកថ្ងៃទី១៧ឧសភានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រតាមកាលបរិច្ឆេតរបស់គ.ជ.បហើយការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះត្រូវធ្វើឡើងរយះពេល៨ថ្ងៃជាប់ៗគ្នាតាមប្រតិទិនរបស់គ.ជ.បកំណត់ដែលនឹងត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ការឃោសនាបោះឆ្នោតអាចធ្វើជារួមនៅថ្នាក់រាជធានីឬតាមខណ្ឌ(តាមការជាក់ស្តែង)ដែលគោលដៅសំខាន់គឺឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត។

សូមបញ្ជាក់ថា​ នៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។គណបក្សទាំង៦នោះរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។តាមការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុបចំនួន១.៣៤៣រូបស្រី៥៣៧រូប។ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញក៏បានបំបែកគ្នាដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធីដែលបានគ្រោងទុក៕