សភាអញ្ជើញរាជរដ្ឋាភិបាលសួរនាំពីការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សមាជិកសភា ដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២៣ ខែឧសភានេះ បានកោះហៅ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងពាក់ព័ន្ធផ្សេងៗ ព្រមទាំងតំណាងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីពិភាក្សាអំពីដំណើរការអភិវឌ្ឍន៍នៅ តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម នារយៈពេលកន្លងមក។


ឯកឧត្តម ឈាង វុន មានប្រសាសន៍ថា ការអញ្ជើញក្រសួង ក៏ដូចជាខេត្តដែលជាប់ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ប្រទេសទាំងបី មកជួបប្រជុំនាពេលនេះ គឺចង់ដឹងអំពីដំណើរការវិវត្តរបស់តំបន់ត្រីកោណ ដើម្បីឲ្យសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា មានទិន្នន័យជាមូលដ្ឋានសម្រាប់ការជួបពិភាក្សាជាមួយសមាជិក សមាជិកាសភានៃប្រទេសឡាវ និងវៀតណាម នាពេលខាងមុខ ពិសេសក៏ដើម្បីជួយជំរុញរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណអោយកាន់តែមានការរីកចម្រើនឡើងថែមទៀត។


បើតាមការឲ្យដឹងពី ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា នៅក្នុងផែនការសកម្មភាពនៃរដ្ឋាភិបាលប្រទេស កម្ពុជា ឡាវ និងវៀតណាម ត្រូវបានបង្កើតឡើងសំដៅតភ្ជាប់សេដ្ឋកិច្ច តាមរយៈបង្កើនការសម្របសម្រួល ឲ្យមានភាពរលូន ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋាភិបាលប្រទេសទាំងបី នៅក្នុងវិស័យចំបងៗដូចជា ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់រវាងប្រជាជន។ ឯកឧត្តមបន្តថា ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា ឡាវ និងវៀតណាម ត្រូវផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងគាំទ្រគ្នា និងផ្ដល់កិច្ចសម្របសម្រួលដល់ការអភិវឌ្ឍន៍ទៅវិញទៅមក លើផ្នែកវប្បធម៌ ទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពល និងការទំនាក់ទំនងសម្រួលចរាចរណ៍ទំនិញ និងមនុស្សឆ្លងកាត់ព្រំដែន ឲ្យកាន់តែងាយស្រួល ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗ។
តំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាម កាលពីឆ្នាំ១៩៩៩ នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងវៀងច័ន្ទប្រទេសឡាវ ក្នុងគោលបំណងអភិវឌ្ឍន៍ផែនការមេស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គម ធនធាន សក្តានុពល ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការសម្រាប់សម្របសម្រួលការអភិវឌ្ឍន៍រួម និងដោយឡែករបស់ប្រទេសទាំងបី ដែលក្នុងនោះខាងកម្ពុជាមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ចំណែកឯប្រទេសឡាវ មានខេត្តចំប៉ាសាក់ អាតាពើ សេកុង សារាវ៉ាន់ និងប្រទេសវៀតណាមវិញ មានខេត្តកូនទុំ ចាឡៃ ប៊ិញផឹក ដាកឡាក់ និងដាកណង៕