អ្នកការទូតកំពូលកូរ៉េខាងត្បូង និងជប៉ុននឹងធ្វើកិច្ចចរចា នៅទីក្រុងប៉ារីស ចំពេលមានការតានតឹងអំពីពលកម្មដោយបង្ខំ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩​ — ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា ក្រុមអ្នកការទូតកំពូលនៃ​ប្រទេស​កូរ៉េខាង-ត្បូង និងជប៉ុនត្រូវបានកំណត់ដើម្បីរៀបចំកិច្ចចរចាទ្វេភាគី នៅខាងក្រៅ​កិច្ច​ប្រជុំ​អន្តរជាតិមួយនៅទីក្រុង ប៉ារីស នាថ្ងៃព្រហស្បតិ៍នេះ​ចំពេល​មានការតានតឹងកាន់តែខ្លាំង​ឡើង ពាក់ព័ន្ធនឹងពលកម្មដែលបង្ខំនៅសម័យសង្គ្រាម របស់ទីក្រុងតូក្យូ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Kang Kyung-wha នឹងជួបប្រជុំជាមួយសមភាគី​ជប៉ុន​របស់លោកស្រី គឺលោក Taro Kono នៅឯនាយកិច្ចប្រជុំក្រុមការងារនៃអង្គការដើម្បីកិច្ច​សហប្រតិ​បត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងរដ្ឋធានីបារាំង។

ចំណងទាក់ទងទ្វេភាគីបានឡើងកំដៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ​ នៅពេលដែល​ប្រទេសជប៉ុនបានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំ​មុន ដែលបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនទូទាត់សំណងដល់ជនរងគ្រោះកូរ៉េខាងត្បូង ក្នុងកំឡុង​សម័យ​អាណានិគមនិយមរបស់ខ្លួននៅឆ្នាំ ១៩១០-៤៥ ។

តុលាការជាន់ខ្ពស់បានទទួលស្គាល់សិទ្ធិរបស់ជនរងគ្រោះ ក្នុងការទាមទារសំណង​ខូចខាត​ ប៉ុន្តែទីក្រុងតូក្យូបានអះអាងថា បញ្ហាសំណងទាំងអស់ដែលកើតចេញពីការគ្រប់គ្រង​របស់អាណានិគមត្រូវបានដោះស្រាយតាមកិច្ចព្រមព្រៀងរដ្ឋាភិបាល និងរដ្ឋាភិបាល ឆ្នាំ ១៩៦៥មួយ ដែលមានទំនាក់ទំនងទ្វេភាគីជាធម្មតា។

ភាពតានតឹងបានកើតឡើងជាថ្មីទៀតកាលពីថ្ងៃចន្ទ នៅពេលប្រទេសជប៉ុន​បានស្នើសុំ​បង្កើតវេទិកា មជ្ឈត្តកម្ម ដែលពាក់ព័ន្ធនឹងសមាជិករបស់ប្រទេសទីបី ដើម្បីដោះស្រាយបញ្ហា​ពលកម្ម​ដោយបង្ខំ ដោយផ្អែកលើនីតិវិធីដោះស្រាយជម្លោះដែលបានចែងនៅក្នុងកិច្ចព្រម​ព្រៀង​ជាធម្មតា។

កាលពីខែមករា កន្លងទៅ ទីក្រុងតូក្យូបានអំពាវនាវឱ្យមានកិច្ចចរចាការទូតទ្វេភាគី​លើ​បញ្ហានេះ ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែក្រុងទីសេអ៊ូលនៅតែមិនឆ្លើយតបវិញ​ដោយ​បដិសេធមិនថ្លឹងថ្លែងលើវិវាទស៊ីវិលដែលពាក់ព័ន្ធនឹងពលរដ្ឋឯកជន និងក្រុមហ៊ុន​ជប៉ុន។

ដោយឡែកបញ្ហាការងារដោយបង្ខំលោកស្រី Kang និងលោក Kono អាចពិភាក្សាគ្នា​ពី​លទ្ធភាព​នៃកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីលោក មូន ចេ-អ៊ិន ( Moon Jae-in) និង​នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅខាងក្រៅកិច្ចប្រជុំកំពូល Group 20 ដែលគ្រោង​ធ្វើ​នៅទីក្រុងអូសាកា ប្រទេសជប៉ុន​នាថ្ងៃទី២៨-២៩  ខែមិថុនាខាងមុខ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )