វៀតណាម និងសហភាពអឺរ៉ុបស្វះស្វែងរកដើម្បីពង្រីក កិច្ចសហប្រតិបត្តិការការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩​ — អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមលោក Nguyen Chi Vinh បានដឹកនាំ​គណៈប្រតិ​ភូ​​មន្រ្តី​ការពារប្រទេសវៀតណាមចូលរួមកិច្ចប្រជុំ នៃបណ្តាប្រមុខការពារជាតិរបស់សហភាពអឺ​រ៉ុប ( CHODs )​ នៅ​ទី​ក្រុងព្រុចសែលចាប់ពីថ្ងៃទី១៩-២២ ខែឧសភា តបតាមការអញ្ជើញរបស់​ប្រធាន​គណៈកម្មាធិការ​យោធាសហភាព​អឺរ៉ុប ឧត្តមសេនីយ៍ Claudio Graziano។

នៅសន្និសីទនោះដែរ គណៈប្រតិភូបានចូលរួមក្នុងកិច្ចពិភាក្សាស្តីពីបេសកកម្ម​ហ្វឹក​ហ្វឺនមិនប្រយុទ្ធ និងស្តីអំពី «មេឃនៅអឺរ៉ុបតែមួយ » ក្នុងនោះលោក Vinh បានអះអាងថា ​វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងភារកិច្ចនៃសហភាពអឺរ៉ុប និងកិច្ចសហប្រតិ​បត្តិ​ការ​ការពារជាតិវៀតណាម-សហភាពអឺរ៉ុប។

លោកបានចែករំលែកបទពិសោធន៍របស់ប្រទេសវៀតណាម ក្នុងការចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាល និងគ្រូបង្វឹកដែលរៀបចំសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ។

មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបញ្ចប់កិច្ចចរចា និងចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិង EU ស្តីពីការរៀបចំក្របខ័ណ្ឌចូលរួមរបស់​វៀតណាម​ក្នុងសកម្មភាពគ្រប់គ្រងវិបត្តិនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសហភាពអឺរ៉ុប ( FPA ) ដើម្បីដាក់ចេញ​ជា​​មូលដ្ឋាន​គ្រឹះ​សម្រាប់កិច្ចសហ-ប្រតិបត្តិការ។

លោកបានបន្ថែមថា ភាគីទាំងពីរគួរតែចែករំលែកបទពិសោធន៍យ៉ាងសកម្មនៅក្នុង​វិស័យកិច្ចសហ-ប្រតិបត្តិការ ដែលមានសក្តានុពល ជាពិសេសនៅក្នុងវិស័យរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។

សម្រាប់ជាផ្នែកមួយរបស់លោក លោក Vinh បានសម្តែងក្តីប្រាថ្នាចង់បានរបស់លោក​ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយសហភាពអឺរ៉ុប ដោយផ្តោតលើការ​បណ្តុះ​បណ្តាល និងរក្សា សន្តិភាព។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការចាត់តាំងភ្នាក់ងារដែលពាក់ព័ន្ធរបស់ខ្លួន​ ដើម្បី​ឈាន​ដល់ការព្រមព្រៀងគ្នាលើបញ្ហាទាក់ទងនឹងបច្ចេកទេស​ ដើម្បីឆាប់ចុះហត្ថលេខាលើ​អនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហភាពអឺរ៉ុប។

នៅខាងក្រៅសន្និសីទនេះ គណៈប្រតិភូវៀតណាម​បានជួបពិភាក្សាការងារជាមួយ​ភ្នាក់ងារ​ដែលពាក់ព័ន្ធនៃសហភាពអឺរ៉ុប និងមេបញ្ជាការការពារប្រទេសនៃប្រទេសនានា​ដើម្បី​ពិគ្រោះយោបល់គ្នាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ និងអំពាវនាវ​ឱ្យមាន​ការ​គាំទ្រ​របស់ពួកគេដល់បេក្ខភាពរបស់វៀតណាម ចំពោះសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុម​ប្រឹក្សាសន្តិ​ អ.ស.ប សម្រាប់អាណត្តិឆ្នាំ២០១៩-២០២០៕

( ប្រភព VNA:  បកប្រែដោយលោក មាស សំអុល )