ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៩ នឹងធ្វើឡើងនៅភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ភួង ឈុនលាង៖​

ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៩ នឹងធ្វើឡើងនៅភ្នំពេញ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅខាងមុខព្រះបរមរាជវាំង នាថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ធ្វើឡើងក្រោមពាក្យស្លោកថ្មី “យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣“ ដែលមិនត្រឹមតែក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្សព្វផ្សាយការរត់ ដើម្បីទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ឯកឧត្ដម បានបន្តថា វិញ្ញាសាត្រូវរត់នេះ មានការរត់ចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ ឯកឧត្ដមអំពាវនាវដល់ប្រជាពលរដ្ឋជាតិ និងអន្តរជាតិរួសរាន់ចុះឈ្មោះឲ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំផ្លូវរត់ និងសម្ភារៈផ្សេងៗ ខណៈមកទល់ពេលនេះ អ្នកចុះឈ្មោះចូលរួម បានកើនឡើងដល់ជាង៣,០០០នាក់ហើយ ក្នុងនោះ មានភ្ញៀវបរទេសជិត ១,០០០នាក់៕​