ព្រះមហាក្សត្រ យាងទៅកាន់ប្រទេសបារាំង ធ្វើជាព្រះកិត្តិយសប្រារព្ធខួប២៥ឆ្នាំ នៃសកម្មភាព គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ ផន​ វាសនា​ និង​ លោក​ អ៊ូ​ កាណែល​៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩ នេះ បានយាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះកិត្តិយសប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor។យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នរបស់ជាតិ ដូចជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងព្រះញាតិវង្សជាច្រើនអង្គផ្សេងទៀត។

បើតាមការគ្រោងទុក ព្រះមហាក្សត្រ នឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ទើបយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងបំពេញភារកិច្ចផ្សេងៗជំនួសព្រះមហាក្សត្រក្នុងនាមជាប្រមុខរដ្ឋស្តីទីក្នុងអំឡុងព្រះអវត្តមានរបស់ព្រះអង្គ។ សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ការរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ មានគោលបំណងសំខាន់ៗដូចជា អបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក។បង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ។សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌។បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា។បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិង ផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។