គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដាក់បេក្ខភាពទីក្រុង-ខណ្ឌឆ្នើមថ្មី៦សម្រាប់ប្រឡងទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ានលើកទី២

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ បានដាក់បេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦សម្រាប់ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត ថ្នាក់អាស៊ានលើកទី២ ឆ្នាំ២០២០-២០២២ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅតំបន់អាស៊ាន មកលេងកម្សាន្តនៅប្រទេសកម្ពុជា។

បេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦ នោះរួមមាន ក្រុងកំពត , ខណ្ឌដូនពេញ, ក្រុងកំពង់ចាម, ក្រុងពោធិ៍សាត់, ក្រុងតាខ្មៅ, និងក្រុងកំពង់ឆ្នាំង ។

ក្រុងកំពង់ចាមពេលរាត្រី

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម ប្រាប់អ្នកសារព័ត៌មានកាលពី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៩ថា ក្រុងកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេចក្នុងការ រៀបចំទីក្រុង ប្រក​​ប​ដោយ​តំបន់ទេសចរណ៍ស្អាត មានសាភ័ណ្ឌភាពស្រស់បំព្រង មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សួនច្បារ កន្លែងហាត់ប្រាណសាធារណៈសម្រាប់ប្រជាពលរដ្ឋ ការដាំដើមឈើ និង​​ការរៀបចំដាក់ធុងសំរាមនៅតាមសាធារណៈជាដើម។

ឯកឧត្ដម ក៏បានអំពាវនាវ ឲ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាននៅទូទាំងក្រុងកំពង់ចាម អោយទទួលបានភាពស្រស់ស្អាត ប្រកបដោយផាសុខភាព ដែលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២នេះ គឺជាការផ្សព្វផ្សាយសក្កានុពលតំបន់ទេសចរណ៍នៅកម្ពុជា ទៅដល់ប្រទេសនៅតំបន់អាស៊ាន មកកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

រង្វង់មូលក្រុងកំពត

ដោយឡែក ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត វិញបានបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធ កំពុងតែមមារញឹកក្នុងការស្ថាបនា និងជួសជុលកែលម្អឡើងវិញនៅ ផ្លូវថ្នល់ លូបង្ហូទឹក សួនច្បារមាត់ព្រែក និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងនៅក្នុងខេត្តកំពត អោយរួចរាល់មុនថ្ងៃប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ ដើម្បីរៀបចំដាក់របាយការណ៍ទៅគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឲ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ៕

រង្វង់មូលក្រុងតាខ្មៅ
ព្រះរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ

 

ក្រុងពោធិសាត់

 

ក្រុងកំពង់ឆ្នាំ