ការផ្សងប្រផ្នូលរបស់គោឧសភរាជថាទិន្និផលស្រូវពោតសណ្តែតរបស់ប្រជាកសិករនឹងទទួលផលល្អប្រសើរ នៅឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហុក សុខរិន ៖


ព្រាហ្មព្រះរាជគ្រូបានអៈអាងថា ឆ្នាំនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានទិន្និផលស្រូវ ពោតសណ្តែត ល្អប្រសើររហូតដល់ជាង៨០ភាគរយឡើងទៅ តាមរយៈការផ្សងប្រផ្នូលរបស់គោឧសភរាជដែលបរិភោគច្រើនជាងគេក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំកុរ ឯកស័ក ពស ២៥៦៣ និង គស២០១៩នេះដែលធ្វើអោយជីវភាពរបស់កសិករកាន់តែរីកចំរើន។


ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ប្រព្រឹត្តិទៅ នៅទីព្រះស្រែ ពហុកីឡដ្ឋានគិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះ រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថន រោត្តសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការះដ៏ខ្ពស់បំផុត ទ្រង់
ព្រះរាជទាន អោយឯកឧត្តម អ៊ួច ភា អភិបាលខេត្តតាកែវ ច្រត់ ព្រះនង្គ័ល ជាស្តេចមាឃ និងលោកជំទាវ ស្រី ប៊ុនណ្ណាដាវី ជាព្រះមេហួ។ ចំណែក នង្គ័លខាងមុខគឺច្រត់ដោយ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអោយកសិកម្មជាតិ រីឯនង្គល័ខាងក្រោយ ដែលតំណាងអោយព្រះបរមរាជវាំង គឺច្រត់ដោយ ឯកឧត្តម៉ែន វុទ្ធី ទីប្រឹក្សា សម្តេចចៅហ្វាយវំាង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវំាង។


ក្រោយពីបានព្រលែងគោឧសភរាជអោយបរិភោគ អាហារ៧មុខ ដែលដាក់លើជើងពាននៅ កណ្តាលវាលព្រះស្រែមានដូចជាស្រូវ ល្ង ពោត សណ្តែត ទឹក នឹងស្រាសនោះ ក្រុមព្រហ្មព្រះរាជគ្រូបានឲ្យដឹងថា ឆ្នាំនេះផលដំណាំរបស់ប្រជាកសិករនឹងមានភាពល្អប្រសើរចំនួន៣មុខ គឺស្រូវ សណ្តែត ពោត ចំណែកអាហារ៤មុខទៀត ដូចជា ល្ង ស្មៅ ទឹក និងស្រា គោឧសភរាជពុំបានបរិភោគឡើយ។ក្នុងនោះបរិភោគស្រូវបាន៨៥ភាគរយ ពោត ៩០ភាគរយ និងសណ្តែតបាន៨០ភាគរយ។
លោក អុំ ខឿនប្រជាពលរដ្ឋក្នុងស្រុកសំរោងខេត្តតាកែវ បានសាទរចំពោះលទ្ធផលនេះថាជា ប្រផ្នូលដ៏ល្អ សម្រាប់ប្រជាកសិករក្នុងការងារបង្ករបង្កើនផលលើដំណាំនានានៅឆ្នាំនេះ ។ លោកបន្តថា លោកមានជំនឿយ៉ាងមុតមាំចំពោះការផ្សងប្រផ្នូលនេះ ព្រោះជាព្រះរាជកម្មវិធីរបស់ព្រះមហាក្សត្រ ដែលតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដូច្នេះលោក នឹងដាំដំណាំទាំងបីប្រភេទអោយបានច្រើនជាងឆ្នាំមុនៗ។
ចំណែក លោក ឡុង វន មកពីស្រុកទ្រាំង ខេត្តតាកែវ បានបញ្ជាក់ថា ដើម្បីឲ្យការងារបង្កបង្កើនផលឆ្នាំនេះ ទទួលបានដូចការផ្សងប្រផ្នូលនោះ នឹងយកចិត្តទុកដាក់ខ្ពស់លើការងារកសិកម្ម តាមបច្ចេកទេសផង និងតាមទំលៀបផង។
ជារៀងរាល់ឆ្នាំព្រះរាជពិធីច្រត់ព្រះនង្គ័លបានប្រារព្ធធ្វើឡើងនៅថ្ងៃ៤រោចខែពិសាខ ជាពេលវេលានៃដើមរដូវ វស្សាចូលមកដល់នៃទឹកដីសុវណ្ណភូមិនៃយើង ។ព្រះរាជពិធីនេះត្រូវបានរៀបចំដើម្បីជាមង្គលឧទ្ទិសដល់មុខរបរស្រែចំការច្បារដំណាំរបស់ប្រជាកសិករខ្មែរនិងសូមអោយព្រះភិរុណបង្អុលទឹកភ្លៀងតាមរដូវកាលដើម្បីអោយមុខរបរស្រែចំការទាំងអស់នោះទទួលបានទិន្នផលខ្ពស់ហើយប្រជារាស្រ្តរស់នៅដោយភាពសម្បូរសប្បាយ។ម្យ៉ាងវិញទៀតព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ ក្នុងចំណោមពិធីបុណ្យទ្វាទសមាស ដែលត្រូវបានព្រះមហាក្សត្រខ្មែរគ្រប់អង្គតែងតែដឹកនាំធ្វើព្រះរាជពិធីនេះពុំដែលខានតាំងពីបុរាណកាលរៀងមក ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ប្រជានុរាស្ត្រ ជាពិសេសប្រជាកសិករ ដែលបានប្រឹងប្រែងធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ព្រះរាជសកម្មភាពនេះ ជាគំរូដ៏ល្អតាម ព្រះបិតារបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ដែលតែងតែ រៀបចំព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាជារៀងរាល់ឆ្នាំ។ នៅក្នុងព្រះរាជពិធីនេះ ក្រុមព្រាហ្មព្រះរាជគ្រូនៃក្រសួងព្រះបរមរាជវាំង តែងតែធ្វើការផ្សងប្រផ្នូលជាមួយ សត្វគោឧសភរាជ ដែលស្ដេចមាឃនិងព្រះមេហួរ បានប្រើនៅក្នុងការភ្ជួររាស់ និងសាបព្រោះ គ្រាប់ពូជ ក្នុងអំឡុងនៃការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះហើយការផ្សងប្រផ្នូលដែលធ្វើឡើងដោយមានការរៀបចំចំណីអាហារចំនួន ៧ មុខ រួមមាន ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក និងស្រាស ជាទូទៅត្រូវបានគេកត់សម្គាល់ថា បើសត្វគោឧសភរាជទៅបរិភោគចំណីអាហារណាមួយក្នុងចំណោមនោះនឹងត្រូវបានគេជឿថានឹងមានការបង្កបង្កើនផលលើដំណាំទាំងនោះមានផលល្អ លើកលែងតែស្មៅនិងស្រាស។
យោងតាមជំនឿរបស់ខ្មែរបានកត់សម្គាល់ថាបើគោឧសភរាជស៊ីស្មៅនោះនឹងកើតមានជំងឺឆ្លងផ្សេងៗនិងធ្វើស្រែចម្ការមិនសូវបានផលហើយបើផឹកស្រាសវិញនោះនឹងកើតមានអសន្តិសុខក្នុងសង្គម។
សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គល័ដែលប្រារព្វធ្វើឡើងនៅក្នុងទឹកដីខេត្តតាកែវនេះគឺជាលើកទី១ហើយ ដែលខេត្តតាកែវទទួលបានកិត្តិយសក្នុងការ រៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ បន្ទាប់ពីមានការប្រកាសឲ្យមានការរៀបចំធ្វើព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ខណៈកាលពីឆ្នាំមុនព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តស្វាយរៀង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕