ព្រះមហាក្សត្រសព្វព្រះ រាជហឬទ័យស្តេចយាងជាព្រះរាជធិបតីភាពដ៏ ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាខេត្តតាកែវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជធិបតីភាពដ៏ ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលប្រព្រឹត្តធ្វើឡើងនៅខេត្តតាកែវ នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ នេះ ដើម្បីប្រកាសអោយប្រជាកសិករត្រៀមលក្ខណៈការងារបង្កបង្កើនផល ខណៈដែររដូវវស្សាបានចូលមកដល់។

ព្រះរាជពិធីទ្វាទសមាសច្រត់ព្រះនង្គ័លប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ប្រព្រឹត្តិទៅ នៅទីព្រះស្រែ ពហុកីឡដ្ឋានគិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះ រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការះដ៏ខ្ពស់បំផុតទ្រង់
ព្រះរាជទានអោយឯកឧត្ត អ៊ួច ភា អភិបាលខេត្តតាកែវ ច្រត់​ព្រះនង្គ័ល ជាស្តេចមាឃ និងលោកជំទាវ ស្រី ប៊ុនណ្ណាដាវីជាព្រះមេហួ។ចំណែក នង្គ័លខាងមុខគឺច្រត់ដោយឯកឧត្តហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទតំណាងអោយកសិកម្មជាតិ រីឯនង្គល័ខាងក្រោយ ដែលតំណាងអោយព្រះបរមរាជវាំងគឺច្រត់ដោយ ឯកឧត្តម៉ែន វុទ្ធី ទីប្រឹក្សា សម្តេចចៅហ្វាយវំាង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវំាង។

ជារៀងរាល់ឆ្នាំព្រះរាជពិធីច្រត់ព្រះនង្គ័លបានប្រារព្ធធ្វើឡើងនៅថ្ងៃ៤រោចខែពិសាខ ជាពេលវេលានៃដើមរដូវ វស្សាចូលមកដល់នៃទឹកដីសុវណ្ណភូមិនៃយើង ។ព្រះរាជពិធីនេះត្រូវបានរៀបចំដើម្បីជាមង្គលឧទ្ទិសដល់មុខរបរស្រែចំការច្បារដំណាំរបស់ប្រជាកសិករខ្មែរនិងសូមអោយព្រះភិរុណបង្អុលទឹកភ្លៀងតាមរដូវការដើម្បីអោយមុខរបរស្រែចំការទាំងអស់នោះទទួលបានទិន្នផលខ្ពស់ហើយប្រជារាស្រ្តរស់នៅដោយភាពសម្បូរសប្បាយ។
ម្យ៉ាងវិញទៀតព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ ក្នុងចំណោមពិធីបុណ្យទ្វាទសមាស ដែលត្រូវបានព្រះមហាក្សត្រខ្មែរគ្រប់អង្គតែងតែដឹកនាំធ្វើព្រះរាជពិធីនេះពុំដែលខានតាំងពីបុរាណកាលរៀងមក ដើម្បីគាំទ្រនិងលើកទឹកចិត្ត ដល់ប្រជានុរាស្ត្រ ជាពិសេសប្រជាកសិករ ដែលបានប្រឹងប្រែងធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ព្រះរាជសកម្មភាពនេះ ជាគំរូដ៏ល្អតាម ព្រះបិតារបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ដែលតែងតែ រៀបចំព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាជារៀងរាល់ឆ្នាំ។
នៅក្នុងពិធីនេះ ក្រុមព្រាហ្មព្រះរាជគ្រូនៃក្រសួងព្រះបរមរាជវាំង តែងតែធ្វើការផ្សងប្រផ្នូលជាមួយ សត្វគោឧសភរាជ ដែលស្ដេចមាឃនិងព្រះនាងមេហួរ បានប្រើនៅក្នុងការភ្ជួររាស់ និងសាបព្រោះគ្រាប់ពូជ ក្នុងអំឡុងនៃការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះហើយ
ការផ្សងប្រផ្នូលដែលធ្វើឡើងដោយមានការរៀបចំចំណីអាហារចំនួន ៧ មុខ រួមមាន ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក និងស្រាស ជាទូទៅត្រូវបានគេកត់សម្គាល់ថា បើសត្វគោឧសភរាជទៅបរិភោគចំណីអាហារណាមួយក្នុងចំណោមនោះនឹងត្រូវបានគេជឿថានឹងមានការបង្កបង្កើនផលលើដំណាំទាំងនោះមានផលល្អ លើកលែងតែស្មៅនិងស្រាស។
យោងតាមជំនឿរបស់ខ្មែរបានកត់សម្គាល់ថាបើគោឧសភរាជស៊ីស្មៅ នោះនឹងកើតមានជំងឺឆ្លងផ្សេងៗនិងធ្វើស្រែចម្ការមិនសូវបានផល ហើយបើផឹកស្រាស វិញនោះ នឹងកើតមានអសន្តិសុខក្នុងសង្គម។
សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គល័ដែលប្រារព្វធ្វើឡើងនៅក្នុងទឹកដីខេត្តតាកែវនេះ
គឺជាលើកទី១ហើយ ដែលខេត្តតាកែវទទួលបានកិត្តិយសក្នុងការ រៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ បន្ទាប់ពីមានការប្រកាសឲ្យមានការរៀបចំធ្វើព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ខណៈកាលពីឆ្នាំមុន ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តស្វាយរៀង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕