គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដាក់បេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន៦សម្រាប់ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត ថ្នាក់អាស៊ានលើកទី២

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត ៖
ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ បានដាក់បេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦សម្រាប់ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត ថ្នាក់អាស៊ានលើកទី២ ឆ្នាំ២០២០-២០២២ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅតំបន់អាស៊ាន មកលេងកម្សាន្តនៅប្រទេសកម្ពុជា។
ក្រសួងទេសចរណ៍បញ្ជាក់ថា បេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦ នោះរួមមាន ក្រុងកំពត , ខណ្ឌដូនពេញ, ក្រុងកំពង់ចាម, ក្រុងពោធិ៍សាត់, ក្រុងតាខ្មៅ, និងក្រុងកំពង់ឆ្នាំង ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម ប្រាប់អ្នកសារព័ត៌មានកាលពី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៩ថា ក្រុងកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេចក្នុងការ រៀបចំទីក្រុង ប្រកបដោយតំបន់ទេសចរណ៍ស្អាត មានសាភ័ណ្ឌភាពស្រស់បំព្រង មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សួនច្បារ កន្លែងហាត់ប្រាណសាធារណៈសម្រាប់ប្រជាពលរដ្ឋ ការដាំដើមឈើ និងការរៀបចំដាក់ធុងសំរាមនៅតាមសាធារណៈជាដើម។
ឯកឧត្ដម ក៏បានអំពាវនាវ ឲ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាននៅទូទាំងក្រុងកំពង់ចាម អោយទទួលបានភាពស្រស់ស្អាត ប្រកបដោយផាសុខភាព ដែលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២នេះ គឺជាការផ្សព្វផ្សាយសក្កានុពលតំបន់ទេសចរណ៍នៅកម្ពុជា ទៅដល់ប្រទេសនៅតំបន់អាស៊ាន មកកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ដោយឡែក ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត វិញបានបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធ កំពុងតែមមារញឹកក្នុងការស្ថាបនា និងជួសជុលកែលម្អឡើងវិញនៅ ផ្លូវថ្នល់ លូបង្ហូទឹក សួនច្បារមាត់ព្រែក និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងនៅក្នុងខេត្តកំពត អោយរួចរាល់មុនថ្ងៃប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ ដើម្បីរៀបចំដាក់របាយការណ៍ទៅគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឲ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ៕