ក្រសួងព័ត៌មានប្រកាសដល់អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំAMSសូមរួសរាន់មកចុះឈ្មោះឲ្យបានមុនថ្ងៃទី០៦ ខែមិថុនា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ៖

 ក្រសួងព័ត៌មានជម្រាបជូនដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦AMSសូមរួសរាន់មកចុះឈ្មោះនៅក្រសួងព័ត៌មានឲ្យបានមុនថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីមានសិទ្ធិចុះយកព័ត៌មានក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រៅពីការចុះឈ្មោះនៅ ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ អន្តរជាតិអាចចុះឈ្មោះបានតាមរយៈគេហទំព័រ http://ams.aibd.org.my/apps/register_ams.php។
សេចក្តីជូនដំណឹងបានបន្តថា កិច្ចប្រជុំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាបនេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ១០ដល់ ថ្ងៃទី១៤ ខែមិថុនា ។
សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ អមជាមួយកិច្ចប្រជុំពាក់ព័ន្ធនេះ នឹងចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានវត្តមានចូលរួមពីប្រតិបត្តិករសោតទស្សន៍ តំណាងបណ្តាងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកស្រាវជ្រាវ អ្នកជំនាញនិងអ្នកបង្កើតគោលនយោបាយដែលអញ្ជើញមកពីបណ្តាប្រទេសនានា សរុបប្រមាណជាង៤០ ប្រទេស ដើម្បីពិភាក្សាអំពីការអភិវឌ្ឍបច្ចេកវិទ្យាលើវិស័យព័ត៌មាន ។
ក្នុងនោះក៏មានកម្មវិធីជជែកពិភាក្សាអំពីការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ដែល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង អញ្ជើញចូលរួមជាវាគ្មិនកិត្តិយស រួមជាមួយវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបទៀត៕