លោកជំទាវ​ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ផ្តល់អាហារសាមគ្គីមួយពេលដល់កុមារកំព្រារើសសំរាម នៅស្ទឹងមានជ័យ

វិទ្យុជាតិកម្ពុជា​៖​

លោកជំទាវ ខៀវ​ ទេព រង្ស៊ី កាញារីទ្ធ រៀបចំអាហារសាមគ្គីមួយពេលដល់កុមារកំព្រារើសសំរាមនៅស្ទឹងមានជ័យ នៃអង្គការលើកស្ទួយពលរដ្ឋPIO ដើម្បីបង្កើនភាពកកក្តៅនិងស្និតស្នាលជាមួយកុមារទំាងនេះ ។


ក្នុងពិធីអបអរខួបទី១៧ឆ្នាំរបស់អង្គការលើកស្ទួយពលរដ្ឋPIOនៅព្រឹកថ្ងៃទី២១ខែឧសភានេះ លោកជំទាវ​ ខៀវ ទេព រង្ស៊ី  កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានការយក ចិត្តទុកដាក់ខ្ពស់ចំពោះ កុមារកំព្រា និងកុមារក្រីក្រនៅតាមសហគមន៍អោយទទួលបានភាពកក់ក្តៅ ការហូបគ្រប់គ្រាន់ និងការរៀនសូត្រឲ្យបានពេញលេញ ដើម្បីអោយកុមារទំាងអស់នោះ ក្លាយជាទំពាំងស្នងឬស្សីឬជាធនធានមនុស្សដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។

លោកជំទាវបានបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមិនព្រងើយកន្តើយឬនៅឆ្ងាយពីកុមារទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច ទោះបីមិនបានរស់នៅជាមួយគ្នាទាំងអស់ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយ របស់កុមារទំាងអស់នោះក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ។
លោកជំទាវក៏បានកោតសរសើរដោយស្មោះស្ម័គ្រចំពោះការតស៊ូលះបង់ទាំងឡាយរបស់ ស្ថាបនិកអង្គការលើកស្ទួយពលរដ្ឋPIO និងសប្បុរសជន ជាតិនិងអន្តរជាតិនានា ដែលមានឆន្ទៈមនុស្សធម៌ក្នុងនាមជាពុទ្ធសាសនិកជនគោរពតាមមាគ៌ាព្រះសម្មាសម្ពុទ្ធប្រកបដោយព្រហ្មវិហារធម៌ ជួយរំដោះទុក្ខវេទនា រំលែកការលំបាកនៃកុមារគំនរសំរាមស្ទឹងមានជ័យទាំងអស់ ឲ្យចាកចេញពីជីវិតជាក្មេងកំព្រាដែលស្ថិតក្នុងគ្រួសារក្រីក្រតោកយ៉ាកគ្មានឱកាសបានចូលសាលារៀន ខ្វះភាពកក់ក្តៅពីគ្រួសារនិងមនុស្សនៅជុំវិញខ្លួនដូចក្មេងដទៃ។
លោកជំទាវបន្តថា យន្តការរបស់រាជរដ្ឋាភិបាលបានដាក់ចុះគោលនយោបាយបំបាត់រាល់ទម្រង់រើសអើងនិងលើកកម្ពស់សិទ្ធិកុមារជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្ដេចទាំងទ្វេជាមាតាបិតាមនុស្សធម៌របស់កម្ពុជាដែលជានិច្ចកាលបានជំរុញឧបត្ថមគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការក្រៅរដ្ឋាភិបាលនានាក្នុងនោះមានអង្គការPIO ផងដែរ។
លោកជំទាវបានចាត់ទុក អង្គការនេះគឺ ជាឧត្តមប្រយោជន៍ដល់កុមារកម្ពុជានឹងផ្លាស់ប្ដូរកែប្រែទំព័រជីវិតឲ្យថ្មីស្រឡាងដល់កុមារក្រីក្ររើសសំរាម អោយក្លាយទៅជាកុមារដែលរស់នៅពោរពេញទៅដោយស្នាមញញឹមមានក្តីសង្ឃឹមនឹងមានភាពកក់ក្តៅមានទីស្នាក់អាស្រ័យមានកន្លែងញ៉ាំអាហារមានការសិក្សាអប់រំស្មើភាពស្មើសិទ្ធិស្មើមុខស្មើមាត់ដូចក្មេងៗដទៃទៀតក្នុងសង្គមដែរ។
លោកស្រីនួន ភិមាន ប្រធានអង្គការ លើកស្ទួយប្រជាពលរដ្ឋ(PIO)បានចាត់ទុកសកម្មភាព មនុ មនុស្សធម៌របស់លោកជំទាវ​ខៀវ​ ទេព រង្ស៊ី  កាញា រីទ្ធបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះ កុមារក្រីក្រនិងកុមាររស់នៅជាមួយនឹងគនរសំរាមឲ្យមានភាពកក់ក្តៅ ហើយធ្វើឲ្យកុមារទំាងនោះ កាន់តែមានទឹកចិត្តខិតខំរៀនសូត្រដើម្បីមានអនាគតល្អនាពេលខាងមុខ។
លោកស្រីបានអំពាវនាវដល់បងប្អូនជនរួមជាតិនិងសប្បុរសមេត្តាចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាជាសម្ភារៈក្តីនិងជាថវិកាក្តី ដើម្បីទ្រទ្រង់ឲ្យអង្គការនេះបន្តសកម្មភាពមនុស្សធម៌ឲ្យមានស្ថេរភាពដើម្បីជួយផ្លាស់ប្ដូរពីជីវិតក្មេងគំនរសំរាមស្ទឹងមានជ័យមកជាសិស្សដែលមានធនធានមនុស្សជាពលរដ្ឋមានការអប់រំស្មើភាព មានឱកាសក្លាយជាបុគ្គលិកតាមស្ថាប័នរដ្ឋនិងឯកជននានាដោយការប្រកួតប្រជែងសមត្ថភាពក្នុងសង្គម។
សូមបញ្ជាក់ថា កម្មវិធីពិសារអាហារសាមគ្គីមួយពេលដល់កុមារកំព្រាកុមាររើសំរាមនៃអង្គការលើកស្ទួយពលរដ្ឋPIO នៅថ្ងៃទី២១ ខែឧសភាន ឯកឧត្តមខៀវកាញារីទ្ធនិងលោកជំទាវ បានឧបត្ថម្ហថវិកាជាង៦ពាន់ដុល្លារអាមេរិក សម្រាប់អាហារ ចំនួន ៥០ តុ៕