អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងអំណរគុណប្រទេសចិន ដែលបានប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រខ្មែរនៅទីក្រុងប៉េកាំង,និងបញ្ជាក់ជាថ្មីពីនយោបាយ កសាងសម្ព័ន្ធមិត្តគ្រប់ជាតិសាសន៍របស់កម្ពុជា

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងអំណរគុណ ប្រធានាធិបតីចិន ដែលបានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មថ្វាយ ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃ ទី១៤ ខែឧសភា ឆ្នាំ២០១៩ អំឡុងការយាងចូលរួម វេទិកាអរិយធម៌អាស៊ី លើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការ កាលពីរសៀលថ្ងៃទី២១ ខែឧសភានេះ មានខ្លឹមសារថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ ដល់ប្រជាជន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ដែលបានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជននាពេលថ្មីៗនេះថ្វាយ ព្រះករុណា ព្រះបាទ​ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រមុខរដ្ឋ។ នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ដែលពុំអាចបំបែកបានឡើយ។

សេចក្តីថ្លែងការរបស់អ្នកនាំពាក្សរាជរដ្ឋាភិបាល ក៏បានរំលឹកដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានទទួលមហាកិត្តិយស ពីឱកាសនៃការប្រារព្ធអបអរសាទរថ្ងៃខួបកំណើត ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្ស៊ូអាបេ កាលពីឆ្នាំ២០១៧ នៅទីក្រុងតូក្យូផងដែរ។

ក្នុងន័យនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចង់បញ្ជាក់ជូនប្រជាពលរដ្ឋ​ សាជាថ្មីនូវគោលជំហររាជរដ្ឋាភិបាល ក្នុងនយោបាយការបរទេស បន្តរក្សាឱ្យបានសម្ព័ន្ធមិត្តគ្រប់ជាតិសាសន៍ ដោយមិនរើសអើងពណ៌សម្បុរ នយោបាយ ដើម្បីឱ្យកម្ពុជាទទួលបានផលប្រយោជន៍ពីភូមិសាស្ត្រសេដ្ឋកិច្ច។ ដូចអ្វីដែលកម្ពុជាកំពុងធ្វើ គឺការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពពិភលោក ការចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ  នៃប្រទេសចិន និងការជួយគាំទ្រ  យុទ្ធសាស្ត្រសេរី និងចំហ ឥណ្ឌា-ប៉ាស៊ីហ្វិក  ដែលនាំមុខដោយជប៉ុនផងដែរ៕

ប៉ិច សុទ្ធារិទ្ធ ,FM 96MHz