គ.ជ.បថាដំណើរការពនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩នឹងប្រព្រឹត្ដទៅ ជាធម្មតា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) បានអះអាងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នឹងប្រព្រឹត្ដទៅជាធម្មតា បើទោះបីជាមានបញ្ហាអាកាសធាតុ និងបញ្ហាសម្ភារៈបរិកា្ខមួយចំនួនក៏ដោយ។


ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២១ ខែឧសភា នៅទីស្ដីការគ.ជ.ប ឯកឧត្ដម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានដឹកនាំកិច្ចប្រជុំមានប្រសាសន៍ថា ដោយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ស្ថិតក្នុងខែវស្សា ដូចនេះ ឃុំ សង្កាត់ មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង ឬតិចទៅតាមតំបន់ ដែលនាំឲ្យប្រជាពរដ្ឋមានការលំបាកក្នុងការធ្វើដំណើរមកពនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ម្យ៉ាងវិញទៀត ក្រុមចុះឈ្មោះបោះឆ្នោតពិបាកក្នុងការចល័តការរិយាល័យចុះឈ្មោះតាមភូមិ ជាពិសេសនៅតំបន់ដាច់ស្រយាល ផ្លូវលំបាកធ្វើដំណើរ និងមិនសូវមានសេវាអ៊ីធឺណេត។
ទោះជាយ៉ាងនេះក្តីឯកឧត្ដមបញ្ជាក់ថា បញ្ហាអាកាសធាតុ និងបញ្ហាខ្វះសម្ភារៈបរិកា្ខមួយចំនួនក៏ដោយ ក៏ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នឹងប្រព្រឹត្ដទៅជាធម្មតា ដោយមានការសហការ រវាងអ្នកបច្ចេកទេសថ្នាក់រាជធានី ខេត្ដរៀបចំការបោះឆ្នោត និងអ្នកបច្ចេកទេសថ្នាក់ជាតិក្នុងការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា យោងលទ្ធផលបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៩នេះ កម្ពុជាមានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួនជាង ៨លាន៦សែននាក់ ត្រូវនឹងជាង៨៤ភាគរយ។ ចំណែកអ្នកចុះឈ្មោះថ្មី ឆ្នាំ២០១៩ មានចំនួនជាង១សែននាក់ ត្រូវនឹងជាង២៧ភាគរយ។ដោយឡែកឈ្មោះប្រជាពលរដ្ឋដែលលុបចេញពីបញ្ជីមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ ឈ្មោះដែលត្រូវកែតម្រូវមានចំនួនជាង១ពាន់៩០០នាក់ និងអ្នកផ្ទេរមានចំនួនជាង១ម៉ឺន៧ពាន់នាក់៕