ក្រសួងវប្បធម៌ស្រាវជ្រាវរកសិល្បករចាប៉ីដងវែង ខណៈសិល្បៈនេះប្រឈមខ្វះអ្នកស្នង​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើបច្ចប្បន្នភាពសិល្បករចាប៉ីដងវែង ខណៈសិល្បៈនេះកម្រមានមនុស្សចាប់អារម្មណ៍ក្នុងការរៀនសូត្រ និងអ្នកមានទេពកោសល្យមានចំនួនតិចតួច។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែឧសភានេះ ឯកឧត្តម ហាប់ ទូច អគ្គនាយក បច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យសិល្បករចាប៉ីដងវែងនៅទូទាំងប្រទេសនេះ ក្នុងគោលបំណង ដើម្បីឲ្យដឹងពីនៃស្ថានភាពនៃការរស់នៅ និងជីវភាព ក៏ដូចជាចង់ដឹងពីប្រវត្តិសិក្សារបស់សិល្បករផ្នែកនេះឲ្យកាន់តែច្បាស់។


ឯកឧត្តមបន្តថា ការធ្វើជំរឿននេះ ក៏ជាការលើកទឹកចិត្តដល់សិល្បករ និងយុវជនជំនាន់ក្រោយខិតខំរៀនសូត្រនូវទម្រង់សិល្បៈមួយនេះឲ្យបានល្អប្រសើរ ដើម្បីប្រយោជន៍លើកស្ទួយ និងអភិរក្សសិល្បៈចាប៉ីដងវែងខ្មែរឲ្យស្ថិតស្ថេរជាអង្វែងតទៅ។ ឯកឧត្តមបន្តទៀតថា ក្រោយដឹងពីបច្ចុប្បន្នភាពអ្នកសិល្បៈទាំងនេះ ក្រសួងនឹងរៀបចំឲ្យមានជាមហោស្រពសម្រាប់ឲ្យពួកគាត់សម្តែងដើម្បីបានប្រាក់ ចំណូល និងរៀបចំឲ្យមានជាវេទិកា ដើម្បីជាស្នាលបណ្តុះបណ្តាលបន្តដល់អ្នកស្រលាញ់ចូលចិត្តនឹងអាជីពសិល្បៈនេះ។
របាយការណ៍បឋមពីនាយកដ្ឋានបច្ចេកទេសវប្បធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា សិល្បករចាប៉ីដងវែង ដែលត្រូវបានស្រាវជ្រាវរកឃើញចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភានេះ មានចំនួនជាង១០០នាក់ ដោយអ្នកទាំងនោះ មានអាយុចន្លោះពី១៥ ទៅ៨០ឆ្នាំ ក្នុងនោះនៅខេត្តព្រៃវែង និងស្វាយរៀង មានជាង១០នាក់ដែលស្ថិតក្នុងវ័យចំណាស់មានអាយុចាប់ពីជាង៥០ឆ្នាំឡើងទៅ។


ចាប៉ីដងវែង ជាសិល្បៈប្រពៃណីបែបប្រជាប្រិយមួយនៅក្នុងសង្គមខ្មែរ ដែលក្នុងនោះរាប់បញ្ចូលទាំងឧបករណ៍ភ្លេងចាប៉ី និងចម្រៀងផង ដោយសិល្បករផ្នែកនេះអាចលេងម្នាក់ឯងក៏បាន ឬជាក្រុមក៏បាន តាមបែបរឿងនិទាន កំណាព្យកាព្យឃ្លោង ការអប់រំ និងបញ្ហាសង្គម នៅពិធីសំខាន់ៗដូចជា៖ កិច្ចជាវខាន់ស្លាក្នុងពិធីមង្គលការ ពិធីកោរជុក ពិធីបំបួស បុណ្យកឋិន ជាដើម។
សិល្បៈអរូបិយរបស់កម្ពុជាមួយនេះ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ សិល្បករចាប៉ីដង និងក្រុមអ្នកគាំទ្រសិល្បៈនេះ បានលើកបង្ហាញពីក្តីព្រួយបារម្ភចំពោះការបាត់បង់សិល្បៈមួយនេះនាពេលអនាគត ខណៈបច្ចុប្បន្ន អ្នកស្រឡាញ់ និងចូលចិត្តរៀនចាប៉ីដងវែងនេះមានចំនួនតិចតួចនៅឡើយ៕