តួកគីបញ្ជាឱ្យចាប់ខ្លួនបុគ្គលិកក្រសួងការបរទេស ២៤៩ នាក់

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ — រដ្ឋអាជ្ញាប្រទេសតួកគីកាលពីថ្ងៃចន្ទនេះ បានចេញដីកាចាប់ខ្លួនបុគ្គលិកក្រសួងការបរទេស២៤៩ នាក់លើបទសង្ស័យមានជាប់ទាក់ទងនឹងចលនា Gulen ។

ការិយាល័យប្រធានរដ្ឋអាជ្ញាទីក្រុងអង់ការ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតមួយបានរកឃើញនូវភាពមិនប្រក្រតី​ក្នុងការប្រឡងចូលរបស់ក្រសួងការបរទេសនៅចម្លោះឆ្នាំ ២០១០ និង២០១៣ ក្នុងការគាំទ្រដល់សមាជិកក្រុមនេះ ។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា យ៉ាងហោចណាស់មនុស្ស ៩១នាក់ត្រូវបានគេឃុំឃាំងរួចស្រេចហើយ​ ។

លោក ​Fethullah Gulen អ្នកផ្សព្វផ្សាយសាសនាមួយរូបមានមូលដ្ឋាននៅ ស.រ.អា ត្រូវបានទីក្រុងអង់ការ៉ា ចោទប្រកាន់ពីបទធ្វើការសម្របសម្រួលការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦ ។ មនុស្សរាប់សឹបពាន់នាក់ត្រូវបានគេឃុំឃាំងដោយឡែកមន្ត្រីរដ្ឋការ , បុគ្គលិកយោធា និងមនុស្សដទៃទៀតប្រហែល ១៥០.០០០ នាក់ត្រូវបានគេបណ្តេញចេញ ឬផ្អាកមិនឱ្យពួកគេធ្វើការងារចាប់តាំងពីពេលនោះមក ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )