វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាជាកន្លែងស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ -វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ជាកន្លែងស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន ជាទី សម្រាប់ផ្លាស់ប្តូរវប្បធម៌ ព្រមទាំងជាមជ្ឈមណ្ឌលបកប្រែ និងបោះពុម្ពផ្សាយឯកសារ អត្ថបទ សៀវភៅពីភាសាខ្មែរទៅភាសាចិន និងពីភាសាចិនមកខេមរៈភាសា។នេះបើយោងតាម ហ្វេស ប៊ុកផ្លូវការរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាចេញផ្សាយនៅពេលថ្មីៗនេះ។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ភាសាចិនគ្រប់កម្រិត ចាប់ពីថ្នាក់ដំបូងដល់ឧត្តមសិក្សា និងបណ្តុះបណ្តាលគ្រូភាសាចិន​ក្នុងតំបន់។ លើសពីនេះទៅទៀត វិទ្យាស្ថានគឺបាន​ផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្ស​កម្ពុជា ដែលមានបំណងទៅសិក្សានៅប្រទេសចិន និងជាមជ្ឈមណ្ឌលស្រាវជ្រាវ​និងអភិវឌ្ឍន៍​ការបង្រៀនភាសាចិន។ វិទ្យាស្ថានបានឱ្យដឹងទៀតថា រយៈពេល១០ឆ្នាំមកនេះ វិទ្យាស្ថានខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជាមានគ្រូស្ម័គ្រចិត្តចំនួន៣៨០នាក់ គ្រូឯកទេស១៦៧នាក់ និងបាន បណ្តុះបណ្តាលគ្រូក្នុងតំបន់ចំនួន៤០០នាក់ ហើយថែមទាំងបានបណ្តុះបណ្តាលសិស្ស បាន ចំនួន៨ម៉ឺននាក់ទៀតផង។

សូមរម្លឹកថា កាលពីថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភា កម្ពុជា បានដឹកនាំប្រតិភូ និងក្រុមសិល្បករចូលរួមអបអរខួប១០ឆ្នាំ វិទ្យាស្ថានខុងជឺនៃ​រាជ​បណ្ឌិត្យសភាកម្ពុជា ដែលប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យជីវជាំង ក្រុងជីវជាំង ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងកម្មវិធីនោះ ក៏មានការអញ្ជើញចូលរួម របស់​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងសិក្ខាកាមមន្ត្រីរាជការមកពីស្ថាប័ននានា​ដែលជាដៃ​គូរបស់វិទ្យាស្ថានខុងជឺ។ ក្រៅពីនេះ ក៏មានការចូលរួមអំពីសំណាក់ លោកជំទាវ ចាង គីមហុង អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំនៅ​កម្ពុជា លោក ស៊ីង ឡុង អភិបាលរងក្រុងជីវជាំង លោកសាស្ត្រាចារ្យ លីវ ស៊ាវតុង សាកល​វិទ្យាធិការសាកលវិទ្យាល័យជីវជាំង និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជីវជាំង​ផងដែរ។

ជាមួយគ្នានេះ សាកលវិទ្យាល័យជីវជាំងគឺជាសាកលវិទ្យាល័យដៃគូរបស់វិទ្យាស្ថាន​ខុងជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ហើយដើម្បីអបអរខួប១០ឆ្នាំរបស់វិទ្យាស្ថាន ដែលសាកល​វិទ្យាល័យ​បានរៀបចំកម្មវិធីរួមមាន វេទិកាវិទ្យាសាស្ត្រទំនាក់ទំនងកម្ពុជា ចិនលើកទី១​នៅ​សាកលវិទ្យាល័យជីវជាំង ពិព័រណ៍រូបភាពសកម្មភាព សមិទ្ធផលការងាររយៈពេល១០ឆ្នាំ​របស់ វិទ្យាស្ថាន ក្រៅពីនេះ ក៏មានការដាក់តាំងពិព័រណ៍ឧបករណ៍ សម្ភារ សម្លៀកបំពាក់ វត្ថុអនុ ស្សាវរីយ៍ខ្មែរ ដែលរៀបចំឡើងដោយសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត ចិន រួមជាមួយការសម្តែងសិល្បៈ កម្ពុជា ចិន ដែលសម្តែងដោយសិល្បករកម្ពុជា រួមជាមួយ​និស្សិត​កម្ពុជាដែលនៅសិក្សានៅទីនោះផ្ទាល់៕

ដោយ គង់ សិរីរ័ត្ន