សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងណែនាំ បងប្អូនអាជីវករកុំដាក់តាំងលក់ទំនិញ លាយឡំគ្នានិងហាលថ្ងៃ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាម គឹមហឿន ខេត្តស្ទឹងត្រែង
សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្ម ចុះ ណែនាំបន្ថែមដល់បងប្អូនអាជីវកររៀបចំទំនិញលក់ដូរមានកន្លែងសុវត្ថិភាព ដើម្បីរក្សាគុណភាពចំណីអាហារ កុំឲ្យប្រជាពលរដ្ឋទិញយកទៅ បរិភាគមានផលប៉ះពាល់ដល់សុខភាព។


ក្នុងឱកាសចុះណែនាំបងប្អូនអាជីវករតាមទីតាំងលក់ដូរធំៗចំនួន៦កន្លែងខេត្តស្ទឹងត្រែងនៅថ្ងៃទី២១ឧសភាឆ្នាំ ២០១៩នេះលោក យូរ ចំរើន អនុប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖អាជីវករមួយចំនួននៅតែដាក់លក់ទំនិញលាយឡំគ្នា ហើយខ្លះទៀតមិនបានរកកន្លែងឱ្យមានសុវត្ថិភាពនោះទេ ដោយដាក់លក់នៅហាលថ្ងៃក្តៅខ្លាំងហួសកម្រិត។

លោកបញ្ជាក់ថា៖ការធ្វើបែបនេះបង្កឱ្យទំនិញទាំងនោះខូចគុណភាពទោះបីកាលបរិច្ឆេទមិនទាន់ហួសកំណត់ក៍ដោយ ព្រោះកំដៅថ្ងៃអាចធ្វើឱ្យចំណីអាហារខូចគុណភាព។ លោកបានក្រើនរំលឹកឱ្យបងប្អូនអាជីវករ រួមទាំងអ្នកផលិតត្រូវយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពិនិត្យកាលបរិច្ឆេទរបស់ទំនិញ-ការវេចខ្ជាប់-និងការទុកដាក់ទំនិញ-ការរៀបចំដាក់តាំងលក់ត្រូវមានអនាម័យជាប្រចាំដើម្បីថែរក្សាទំនិញទាំងនោះឱ្យមានគុណភាព ។


លោកស្រី សុក ធារី អាជីវករលក់ទំនិញនៅក្រុងស្ទឹងត្រែងបានសាទរជាមួយនិងសកម្មភាពចុះពន្យល់ណែនាំនេះ ព្រោះថាកាលណាយើងបានត្រួតពិនិត្យនិងបានយល់ដឹងហើយហាក់ដូចជាបានបង្កើនការប្រុងប្រយត្ន័ លើកកម្ពស់ថែរក្សាសុខភាពបានទាំងអស់គ្នា ។ លោកស្រីបន្តថា៖ក្រោយពីបានយល់ទាំងអស់គ្នាយើងងាយស្រួលបំពេញកាតព្វកិច្ចទទួលខុសត្រួវនិងចូលរួមប្រុងប្រយ័ត្នបានច្រើនហើយទំនិញយើងក៍ល្អ ស្រួលលក់ដូ រអ្នកបរិភោគក៍មានសុខភាពល្អ។
លោក ចាន់ ហ៊ ប្រជាពលរដ្ឋនៅភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានសាទរជាមួយសមត្ថកិច្ច និងសាខាកាំកុងត្រូល ព្រោះយល់ឃើញថាៈនេះជាការងារដ៍សំខាន់ ក្នុងការទទួលខុសត្រូវចំពោះសុខភាពទូទៅ កាលណាចំណីអាហារល្អ អ្នកលក់ចេះដឹងមានការប្រុងប្រយ័ត្ន អ្នកទិញទៅបរិភោគក៍មានសុខភាព។ លោកសន្យាថា៖និងជួយផ្តល់នូវព័ត៌មានដ៍ល្អនេះទៅបងប្អូនប្រជាពលរដ្ឋដើម្បីឱ្យចេះជ្រើសរើសនិងទិញចំណីអាហារ ទៅបរិភោគមានគុណភាពនិងសុវត្ថិភាពដើម្បីសុខភាពយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា៖លើកនេះមន្ត្រីសាខាកាំកុងត្រូលខេត្តនិងមន្ត្រីជំនាញបាន រកឃើញទំនិញមួយចំនួនហួសកាលបរិច្ឆេទប្រើប្រាស់មានគ្រឿងភេជ្ជចំនួន៥ប្រភេទស្មើនិង(៧៩ដប.កំប៉ុង)និងនំកូនក្មេង(១២កញ្ចប់)ដកហូតយកមកបំផ្លាញចោលផងដែរ៕