ក្រសួងអប់រំ ប្រកាសថ្កោលទោសចំពោះការបង្ហោះព័ត៌មានរបស់អាខោនហ្វេសប៊ុកឈ្មោះ សេវាផ្សេងទៀត ដែលបានបង្ខូចកេរ្តិ៍ឈ្មោះក្រសួង

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ -បន្ទាប់ពីអាខោនហ្វេសប៊ុកឈ្មោះ “សេវាផ្សេងទៀត” បានបង្ហោះព័ត៌មានដែលចរិកបោកប្រាស់ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការធ្វើសញ្ញាប័ត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការបង្ហោះព័ត៌មានបែបនេះ ជាអំពើខុសច្បាប់ ដែល​បំពានដល់សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្ត​កំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជា​ពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិត​កម្ពុជា។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយ​សមត្ថ​កិច្ច​ពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងរកជនដែលបង្ហោះព័ត៌មានខាងលើនេះ ដើម្បីចាត់វិធាន​ការ​តាមផ្លូវច្បាប់។ ក្រសួងក៏អំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ចូល រួមទប់ស្កាត់ការចែកចាយព័ត៌មាននេះតាមគ្រប់រូបភាព ព្រមទាំងសហការផ្តល់ព័ត៌មានជូន សមត្ថកិច្ចក្នុងការឈានទៅកំណត់មុខសញ្ញាជនដែលបានប្រព្រឹត្តអំពើខាងលើ៕

ដោយ ប៊ុនរិទ្ធ