រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០១៩

AKP បាត់ដំង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ -ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បានរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ​២០១៩ ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបប ប្រល័យ​ពូជសាសន៍ ប៉ុលពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ ) នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង កាលពីថ្ងៃ​ចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ថ្ងៃទី២០ ឧសភា​នេះ គឺជា«ទិវាជាតិនៃការចងចាំ» ដែលរម្លឹកដល់ជនរងគ្រោះ និងការឈឺចាប់ពី​ឧក្រិដ្ឋកម្ម ​​បានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។ ឯកឧត្តមបានបញ្ជាក់ថា គោលបំណង នៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរម្លឹក និង​គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ជាង៣លាន​នាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។

គួររម្លឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជា​មានិតកម្ពុជា​នៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហម​ដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមនេះ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ ក៏ជាថ្ងៃ​កំណើត របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាម​រហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ទិវាជាតិនៃការចងចាំ ទើបនឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់​ជាការរម្លឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩៕​

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)