អាជ្ញាធររាជធានីភ្នំពេញ និមន្ដព្រះសង្ឃ២០៧អង្គរាប់បាតបង្សុកូលឧទិ្ទសកុសល ជូនដល់អ្នក ស្លាប់ក្នុងរបបប៉ុលពត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ -អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំនិមន្ដព្រះសង្ឃ២០៧អង្គ រាប់បាត្របង្សុកូលឧទិ្ទសកុសល ជូនដល់អ្នកស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងទិវាជាតិចងចាំ២០ ឧសភា នៅ​មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក កាលពីចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក​ព.ស​២៥៦៣​ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៉ា សុជាតិវង្ស   ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីរាជការ ប្រជា​ពលរដ្ឋ សិស្ស និស្សិត ចូលរួមប្រមាណជាង៥០០នាក់ ។

ឯកឧត្ដម ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​យកថ្ងៃ​២០ឧសភា ជាទិវាជាតិ នៃការចងចាំ ដើម្បីរម្លឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តមបានបន្ដថា គោលបំណង​នៃទិវាជាតិ នៃការចងចាំនេះ គឺបង្កើតឡើងដើម្បីរម្លឹក ការគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យ​ឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់អស់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពត ដ៏ឃោរឃៅ។

 ឯកឧត្ដមបានបន្ដថា  ទិវាជាតិនៃការចងចាំ  ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ​ កាលពីថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨កន្លងមក​ ការកំណត់យក​ថ្ងៃនេះ ធ្វើជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ​ សម្រាប់ជាការរម្លឹកដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​របបកម្ពុជា​ប្រជា​ធិបតេយ្យ​ចាប់ពីថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​ដល់​ថ្ងៃទី​០៦ ​ខែ​មករា​ ​ឆ្នាំ​១៩៧៩។ ជាមួយគ្នានេះ ថ្ងៃ២០ឧសភាគឺជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាជន​កម្ពុជាបានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន។ ឯកឧត្ដមបានលើកឡើងថា ដោយមូល​ហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទិវាជាតិនៃការចងចាំដោយ​មាននិមន្តព្រះ​សង្ឃចំនួន២០៧អង្គ បង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ បុព្វបុរស និងប្រជាជន ដែលបានស្លាប់បាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៍ ដែល​ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក៕

ដោយ សួស សំរិត