ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចក្រឡាហោម ស ខេង បញ្ចប់ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ — ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០១៩ ក្នុងគោល បំណងអបអរសាទរទិវាខួបរម្លឹកអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកង កម្លាំងនគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩ បានបញ្ចប់ដោយជោគជ័យ ក្រោយពីដំណើរការ​ប្រកួតពេញមួយថ្ងៃ នៅ ទីលាន Grand Phnom Penh និងបានរៀបចំពីប្រគល់ពានរង្វាន់​បិទកម្មវិធី នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៩។ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធ​កីឡាវាយកូនគោលកម្ពុជាបានថ្លែងក្នុងពិធីបិទការប្រកួតថា នេះគឺជាព្រឹត្តិការណ៍ដ៏​មាន​អត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ដែលជាអង្គប្រតិបត្តិច្បាប់ដ៏សំខាន់ និងមានភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព​សង្គមធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតមកទល់បច្ចុប្បន្ន។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរក៏បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ​វិស័យ កីឡាជាតិ តាមរយៈកីឡាវាយកូនគោលឆ្ពោះទៅរកភាពជោគជ័យ នាពេលខាងមុខ ជាពិសេសក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្ដមបន្ដថា សហព័ន្ធកំពុងរៀបចំខ្លួនកសាងសមត្ថភាព និងគុណផលកីឡា ស្របតាមផែនការយុទ្ធសាស្រ្ត៤ឆ្នាំរំកិលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកម្ពុជា ឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់ ដើម្បីសម្រួចទិសដៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំពោះការប្រកួតវិញ គឺមានប្រមុខថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីទូត និងកីឡាករជាតិ-អន្ដរជាតិ ប្រមាណ២០០នាក់បានចូលរួមប្រជែងជ័យលាភី។

ជាលទ្ធផលវិញ្ញាសាជាក្រុម លេខ១ គឺបានទៅក្រុមសម្ដេចក្រឡាហោម ស ខេង, លោកឧកញ៉ា ឈុន អូន និងលោកឧកញ៉ា សុខ ហុង, លេខ២ បានទៅក្រុមសម្ដេច ពិជ័យសេនា ទៀ បាញ់, ឯកឧត្តម នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ និងឯកឧត្តម អ៊ុក កោសា ខណៈលេខ៣ បានទៅក្រុមសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា និងឯកឧត្តម អ៊ុក សាវុធ។

ចំណែកវិញ្ញាសាឯកត្ដជន ដែលមានហានីកាប់ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ សរ សិទ្ធិ, លេខ២ កីឡាករ លី ហុង និងលេខ៣ កីឡាករ លី គា។ វិញ្ញាសាឯកត្តជន ដែល​គ្មានហានីកាប់ លេខ១ កីឡាករ លឹម ប៊ូប៉ោ, លេខ២ កីឡាករ ហាយ ងួន និងលេខ៣ កីឡាករ សោម បូរីរក្ស។ រីឯវិញ្ញាសាប្រកួតផ្នែកនារី លេខ១ កីឡាការិនី ខាន់ វង្ស, លេខ២ កីឡាការិនី សាយ សុខនី និងលេខ៣ កីឡាការិនី កែវ សុខឃឿន៕

ដោយ ហេង ណាលីន