រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា ឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩​ — រដ្ឋបាលខេត្តព្រះ សីហនុ បានប្រារពទិវាជាតិ នៃការចងចាំ ២០ឧសភា ឆ្នាំ២០១៩ នៅសាលា​ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពី​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋ ។ ពិធីនេះ បានធ្វើឡើងកាល​ពី ព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍រម្លឹកឡើងពីទិដ្ឋភាព និងសកម្មភាពរបស់ពួកប្រល័យពូជសាសន៍ ដែលបានធ្វើទារុណកម្ម មកលើប្រជាពលរដ្ឋ​ស្លូតត្រង់ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ធ្វើឱ្យប្រជា ពលរដ្ឋស្លូតត្រង់បានបាត់បង់ជីវីតរាប់ លាននាក់។  ឯកឧត្តម​បានបញ្ជាក់ថា ការឈឺចាប់គ្រប់បែបយ៉ាង ដែល្រជាពលរដ្ឋ​កម្ពុជា​ទទួលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតែចងចាំជានិច្ច ដែលមិនអាច​បំភ្លេចបាន នូវ​សោកនាដកម្ម និងការឈឺចាប់។ ឯកឧត្តមអភិបាលខេត្ដបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា​បានកំណត់​យកថ្ងៃ ២០ ឧសភា ជាទិវាជាតិ នៃការ ចងចាំ ដើម្បីកុំឱ្យប្រវត្តិសាស្រ្តដ៏ឈឺ​ចាប់នេះ កើតមានឡើងសារជាថ្មីនៅកម្ពុជា ដែលបញ្ហានេះគឺមានតែប្រជាពលរដ្ឋយើង​ទាំង​អស់គ្នា​ចូលរួម​កុំឱ្យ​របបប៉ុលពតកើតមានឡើងសារជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខក្សេមក្សាន្ត ទទួលបានសន្តិភាព សុវត្ថិភាពជារៀងរហូតតកូនតចៅ ។

ឯកឧត្តមអភិបាលខេត្ដក៏បានលើកឡើងពីសកម្មភាព និងវីរភាពដ៏អង់អាចក្លា ហាន​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលហ៊ានលះបង់គ្រប់ឧបសគ្គ យកជីវិតធ្វើ​ជាដើម​ទុន ក្នុងការរំដោះប្រទេសជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងការបង្រួបបង្រួមជាតិ ឱ្យ​មានការរីក​ចម្រើនដូចសព្វថ្ងៃនេះ។ ឯកឧត្តមអភិបាលខេត្ដក៏បានអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ មន្ត្រី​រាជការ កងកម្លាំងប្រដាប់​​អាវុធ រួបរួមគ្នាគាំទ្រសន្តិភាព ដែលយើងមាន ដើម្បីដឹកនាំប្រទេស​ជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនប្រកប ដោយសុខដុមរមនាសម្រាប់កូនចៅជំនាន់ក្រោយ  ៕

ដោយ ងូ សុមុនី